(សៀមរាប)៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលក្រុងសៀមរាប សហការជាមួយរដ្ឋបាលសង្កាត់សាលាកំរើក បានជួបពិភាក្សាជាមួយលោកប្រធានការិយាល័យសុខាភិបាលប្រតិបត្តិសៀមរាប និងបានសម្រេចផ្ទេរទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ពីមណ្ឌលសុខភាពសៀមរាប មកសាលាបឋមសិក្សាវត្តបូព៌។

បើយោងតាមរដ្ឋបាលក្រុងសៀមរាប បានឱ្យដឹងថា ការងារនេះដើម្បីផ្តល់ភាពងាយស្រួល និងបញ្ចៀសនូវការឈរង់ចាំនៅក្រោមកម្តៅថ្ងៃ ក្នុងអំឡុងពេលរង់ចាំវេនចូលចាក់វ៉ាក់សាំង ដល់ប្អូនៗនិងក្មួយៗ ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ព្រោះទីតាំងមុនពុំមានដំបូលត្រឹមត្រូវ ងាយនឹងទទួលរងនូវកម្ដៅថ្ងៃ។

សាលាបឋមសិក្សាវត្តបូព៌ មានដំបូល និងទីធ្លាធំទូលាយ សមរម្យ សម្រាប់ការរង់ចាំវេនចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នេះ ហើយការផ្ទេរទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ ចាប់ពីថ្ងៃទី២៥ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា។

អាជ្ញាធរក៏សូមឱ្យបងប្អូនប្រជាពលរដ្ឋ ដែលជាអាណាព្យាបាល រស់នៅ ក្នុងសង្កាត់ស្លរក្រាម និងសង្កាត់សាលាកំរើក មេត្តាជ្រាប ជាព័ត៌មាន និងសូមរក្សាគម្លាត ពីគ្នាឱ្យបានត្រឹមត្រូវ ក្នុងអំឡុងពេលរង់ចាំវេន ចូលចាក់វ៉ាក់សាំងនេះ៕