(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានជំរុញដល់ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរចូលមកខេត្តសៀមរាបទាំងអស់ត្រូវផ្តល់កិច្ចសហការ និងផ្ដល់ព័ត៌មានជូនដល់ក្រុមការងារប្រចាំការនៅចំណុច ព្រំប្រទល់ខេត្តសៀមរាប ចំនួន ៣ទីតាំង។

បើតាមលិខិតរបស់រដ្ឋបាលខេត្តសៀមរាប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ បានបញ្ជាក់ថាទីតាំងចំនួន៣នេះ រួមមាន៖ ព្រំប្រទល់ស្រុកជីក្រែង-ស្រុកស្ទោង នៃខេត្តកំពង់ធំ ព្រំប្រទល់ស្រុកក្រឡាញ់-ស្រុកព្រះនេត្រព្រះនៃខេត្តបន្ទាយមានជ័យ និងព្រំប្រទល់ស្រុកស្រីស្នំ-ស្រុកចុងកាល់នៃខេត្តឧត្តរមានជ័យ។

រដ្ឋបាលខេត្តបានបញ្ជាក់ថា ការធ្វើដូចនេះ គឺក្នុងគោលបំណងបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ខេត្តសៀមរាប និងបង្កលក្ខណៈងាយស្រួលដល់មន្ត្រីជំនាញក្នុងការស្រាវជ្រាវពាក់ព័ន្ធនឹងជំងឺកូវីដ១៩។ ដូច្នេះ សូមលោក លោកស្រីមេត្តាចូលរួមផ្តល់កិច្ចសហការ និងផ្តល់ព័ត៌មានអ្នកធ្វើដំណើរដល់ក្រុមការងារប្រចាំការនៅទីតាំងទាំង៣ គោលដៅ៕