(ភ្នំពេញ)៖ លោក ជា កុកហុង ប្រធានគ្រប់គ្រងគម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ជាមួយ លោក តី ឈីឃាង នាយកវិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា (CGTI) ស្តីពី «កិច្ចសហប្រតិបត្តិការកម្មវិធីបណ្តុះបណ្តាលជំនាញក្នុងវិស័យកាត់ដេរ»

ជាលទ្ធផលនៃកិច្ចប្រជុំ ភាគីទាំងពីរបានឯកភាពគ្នា និងតាំងចិត្តខ្ពស់ ក្នុងការបន្តលើកកម្ពស់ការបណ្តុះបណ្តាលជំនាញ កាត់ដេរ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ឧស្សាហកម្ម ស្របតាមយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២០-២០២៥។ ការលើកកម្ពស់ជំនាញនេះ នឹងជួយជម្រុញឲ្យវិស័យកាត់ដេរ អាចបោះជំហានឆ្ពោះទៅខ្សែច្រវាក់ផលិតកម្ម ដែលមានតម្លៃបន្ថែមខ្ពស់ជាងមុន។

គួរកត់សម្គាល់ថា គម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ គឺជាយន្តការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៨ និងអនុវត្តដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងផ្តល់ការគាំទ្រថវិកាសម្រាប់ការបណ្តុះបណ្តាលជំនាញដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសយុវជនដែលកំពុងបម្រើការងារ និងត្រៀមខ្លួនចូលក្នុងវិស័យឧស្សាហកម្មនានាផងដែរ៕