(ភ្នំពេញ)៖ ផ្អែកតាមការសិក្សាស្រាវជ្រាវរបស់ខ្លួន រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ការចាក់ដូសជំរុញ ឬដូសទី៣ ដោយប្រើវ៉ាក់សាំងដូចគ្នា ឬឆ្លាស់គ្នា មិនបង្កឱ្យមានផលរំខានដល់សុខភាពរបស់ប្រជាពលរដ្ឋទេ ប៉ុន្តែការចាក់ដូសជំរុញអាចនឹងបង្កើនបាននូវប្រព័ន្ធការពាររាងកាយកាន់តែរឹងមាំថែមទៀតដើម្បី ទប់ទល់នឹងមេរោគបំប្លែងខ្លួន ដែលក្នុងនោះមានទាំង Delta ផងដែរ។ នេះបើតាមសេចក្តីប្រកាសស្តីពីការដាក់ចេញនូវគោលនយោបាយចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ របស់រាជរដ្ឋាភិបាលដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ដូច្នេះថា៖ «ក្រុមការងារជំនាញក៏បានសិក្សាស្រាវជ្រាវរកឃើញដែរថា ការចាក់ដូសជំរុញនេះ ទោះបីប្រើប្រាស់វ៉ាក់សាំងប្រភេទដូចគ្នា ឬវ៉ាក់សាំងប្រភេទខុសគ្នាក៏ដោយ មិនបង្កឱ្យមានផលរំខានច្រើនលើស ពីផលរំខានដែលបង្កឡើងដោយវ៉ាក់សាំងនីមួយៗជាធម្មតានោះទេ ហើយការបាក់ដូសជំរុញនេះថែមទាំងអាច បង្កើនបាននូវប្រព័ន្ធការពាររាងកាយកាន់តែរឹងមាំ ក្នុងការទប់ទល់នឹងមេរោគកូវីដ-១៩ ប្រភេទដែលតា (Dolta) និងប្រភេទបំប្លែងខ្លួនថ្មីផ្សេងទៀត»

រាជរដ្ឋាភិបាលកម្ពុជា កាលពីដេីមខែសីហា ឆ្នាំ២០២១ បានសម្រេចឲ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ជូនដល់ប្រជាពលរដ្ឋ ដែលបានចាក់ដូសទី២រួចរាល់ ដើម្បីបង្កើតប្រព័ន្ធការពារដ៏រឹងមាំថែមទៀត នៅក្នុងខ្លួនមនុស្ស ក្នុងការទប់ទល់នឹងជំងឺកូវីដ១៩ ជាពិសេសឆ្លើយតបនឹងវត្តមានមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី Delta ដែលកំពុងរីករាលដាលយ៉ាងខ្លាំងក្លានៅក្នុងតំបន់។ ការចាក់ដូសទី៣នេះ គឺប្រើប្រាស់វ៉ាក់សាំង AstraZeneca ដែលជាដូសជំរុញ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងចិនស៊ីណូហ្វាម ឬស៊ីណូវ៉ាក់ ដោយអនុវត្តមុនគេចំពោះពេទ្យ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធជួរមុខ ហើយបន្តតាមក្រសួងស្ថាប័នផ្សេងៗផងដែរ។

រហូតមកដល់ពេលនេះ ការចាក់ដូសទី៣ នៅកម្ពុជាបានកើនដល់ ជាង៥២ម៉ឺននាក់ ខណៈដែលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មានរហូតដល់ជាង៩.៩លាននាក់ ដែលស្មើនឹងជិត១០០ភាគរយ នៃគោលដៅចាក់វ៉ាក់សាំងនៅក្នុងប្រទេសកម្ពុជា ១០លាននាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល។

 ទោះបីជាយ៉ាងនេះក្តី ប្រទេសជាច្រើន រួមមាន អ៉ីស្រាអែល, សហរដ្ឋអាមេរិក, ហុងគ្រី, ឥណ្ឌូណេស៊ី, អារ៉ាប់អេមីរ៉ាត់, រុស្ស៊ី, ឈីលី, បារាំង, អង់គ្លេស, អាល្លឺម៉ង់, អូទ្រីស ជាដើម ិ៏បានសម្រេចចិត្ត ឬគ្រោងចាក់វ៉ាក់សាំងដូសជំញនេះ ដើម្បីទប់ទល់ជាមួយនឹងការវាយលុកទ្រង់ទ្រាយធំនៃមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) និងប្រភេទបំប្លែងខ្លួនថ្មីផ្សេងទៀត។

 រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ទៀតថា «ផ្អែកតាមការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រខាងលើ និងក្នុងគោលបំណងបង្កើតឱ្យបានឆាប់រហ័ស នូវ “ភាពសហគមន៍រឹងមាំពិតប្រាកដមួយ» ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ការពារអាយុជីវិតប្រជាជនពី មេរោគកូវីដ-១៩ ពិសេស ប្រភេទដែលតា (Delta) ឬប្រភេទបំប្លែងខ្លួនថ្មីផ្សេងទៀត ក៏ដូចជា ដើម្បីត្រៀមលក្ខណៈឈានឆ្ពោះទៅកាន់ផែនការនៃការបើកដំណើរការប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យ និង ការរស់នៅជាមួយនឹងវត្តមានជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី, រាជរដ្ឋាភិបាលសម្រេចប្រកាសដាក់ចេញ នូវ “គោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ដុសជំរុញ” ដល់ប្រជាជនទូទៅចាប់ពីអាយុ ១២ ឆ្នាំឡើងទៅ ចាប់ពីខែសីហា ឆ្នាំ២០២១នេះ ដល់អំឡុងពាក់កណ្តាលឆ្នាំ ២០២២»៕