(ភ្នំពេញ)៖ វឌ្ឍនភាពនៃដំណើរការត្រៀមចុះតំបន់ប្រាសាទកោះកេរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅឆ្នាំ២០២២ ត្រូវបានកម្ពុជា និងអង្គការយូណេស្កូ លេីកយកមកពិភាក្សា កាលពីម្សិលមិញនេះ។

កិច្ចពិភាក្សានេះធ្វេីឡេីងដោយ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អមដោយតំណាងគណៈប្រតិភូអចិន្ត្រៃយ៍នៃព្រះរាជាណចក្រកម្ពុជា ប្រចាំនៅអង្គការយូណេស្កូ ជាមួយលោកស្រីបណ្ឌិត Mechtild ROSSLER នាយិកានៃមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក និង លោកបណ្ឌិត Jing Feng ប្រធានការិយាល័យ តំបន់អាស៉ី និង ប៉ាស៉ីហ្វិក នៅទីស្នាក់ការកណ្តាលអង្គការយូណេស្កូ នាទីក្រុងប៉ារីស។

កិច្ចប្រជុំ បានពិភាក្សាផ្តោតទៅលើបញ្ហាសំខាន់ៗមួយចំនួនរួមមាន៖

១៖ ប្រធានបទនានាដែលទាក់ទងជាមួយមហាសន្និបាទលើកទី៤១ នៃអង្គការយូណេស្កូ ដែលនឹងត្រូវរៀបចំឡើងនៅចុងខែវិច្ឆិកា ឆ្នាំ២០២១ នាទីក្រុងប៉ារីស

២៖ វឌ្ឍនភាពនៃដំណើរការត្រៀមចុះតំបន់ប្រាសាទកោះកេរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅឆ្នាំ២០២២

៣៖ កិច្ចអភិរក្សនៃប្រាង្គប្រាសាទនៅព្រះរាជាណាចក្រកម្ពុជា ក្នុងបរិបទនៃការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ និង ការងារសំខាន់ៗ មួយចំនួនទៀតទាក់ទងនឹងរមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌពិភពលោក។

នៅក្នុងកិច្ចពិភាក្សានេះ ថ្នាក់ដឹកនាំ និង មន្ត្រីនៃមជ្ឈមណ្ឌល បេតិកភណ្ឌពិភពលោក បានយកចិត្តទុកដាក់សហការ ប្រឹក្សាយោបល់ និង ចែករំលែកបទពិសោធន៍ ជាមួយលោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងគណៈប្រតិភូកម្ពុជា ក្នុងស្មារតីទទួលខុសត្រូវខ្ពស់៕