(ភ្នំពេញ)៖ ក្រោយមានការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ កើនឡើងជាបន្តបន្ទាប់នៅក្នុងសហគមន៍ មានសប្បុរសជនជាច្រើនបានចូលរួមចំណែកជាសម្ភារ ថវិកាជាមួយនឹងរាជរដ្ឋាភិបាល និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ជាក់ស្ដែងក្រុមហ៊ុន Oak Sourcing&Logistic,LLC ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ផលិតផល និងសម្ភារបរិក្ខាពេទ្យមានទីស្នាក់ការនៅសហរដ្ឋអាមេរិក បានឧបត្ថម្ភឈុតការពារវេជ្ជសាស្រ្តជាង២លាន បានឧបត្ថម្ភឈុតការពារវេជ្ជសាស្រ្តជាង២លាន មកព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកជាមួយសមាគម ក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩។

លោក Matthew Sandvig គណៈគ្រប់គ្រងក្រុមហ៊ុន បានថ្លែងថា «យើងមានសេចក្តីត្រេកអរជាខ្លាំងក្នុងការឧបត្ថម្ភឈុតការពារវេជ្ជសាស្ត្រដែលជាសម្ភារៈបរិក្ខារការពារខ្លួនសំខាន់ និងចាំបាច់សម្រាប់ប្រទេសកម្ពុជា ក្នុងពេលដែលប្រទេសមួយនេះកំពុងជួបនឹងការរីករាលដាល នៃករណីឆ្លងថ្មីនៃជំងឺដែលមានកម្រិតធ្ងន់ធ្ងរ និងមានករណីស្លាប់ច្រើនជាងមុន»

លោកបានបន្ថែមថា ឈុតការពារវេជ្ជសាស្ត្រ (PPE) ទាំងនេះ នឹងជួយគាំទ្រដល់មន្ទីរពេទ្យ និងគ្លីនិកវេជ្ជសាស្ត្រនៅទូទាំងប្រទេស ក្នុងការលើកកម្ពស់សុវត្ថិភាពក្រុមគ្រូពេទ្យជួបមុខនៅក្នុងការបំពេញកាតព្វកិច្ច និងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេប្រយុទ្ធនឹងជំងឺកូវីដ-១៩។

លោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា ប្រធានប្រតិបត្តិសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន ដែលបានចូលរួមឧបត្ថម្ភឈុតការពារវេជ្ជសាស្ត្រដល់ប្រទេសកម្ពុជា ខណៈដែលប្រទេសកម្ពុជាកំពុងមានតម្រូវការចាំបាច់បំផុតក្នុងកិច្ចការប្រយុទ្ធនឹងជំងឺកូវីដ-១៩។

លោកបានថ្លែងថា «យើងសប្បាយរីករាយចំពោះការឧបត្ថម្ភប្រកបទឹកចិត្តសប្បុរសធម៌របស់ក្រុមហ៊ុនដល់ប្រទេសយើង ខណៈដែលយើងកំពុងតែបន្តប្រយុទ្ធនឹងវីរុសកូវីដ១៩។ យើងសូមថ្លែងអំណរគុណដល់អ្នកស្រី ឈឹម កុលាប នាយិកាអភិវឌ្ឍអាជីវកម្មរបស់ក្រុមហ៊ុនសេដ្យឃែភីថល សម្រាប់ការសម្របសម្រួលឲ្យមានការផ្ដល់អំណោយនេះ»

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សូមថ្លែងអំណរគុណចំពោះក្រុមហ៊ុន Oak Sourcing&Logistic,LLC និងសប្បុរសជនទាំងអស់ដែលបានចូលរួមសកម្មភាពមនុស្សធម៌ ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេតេជោ(TYDA) តាម រយៈការឧបត្ថម្ភថវិកា សម្ភារៈ ដើម្បីផ្តល់លទ្ធភាពឱ្យសមាគមបំពេញបេសកកម្មមនុស្សធម៌សម្រាប់ជាតិ និងមាតុភូមិ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ ខណ:ដែលចំនួនអ្នកកើតជំងឺកូវីដ-១៩ នៅតែមានចំនួនច្រើន មានសប្បុរសជនជាច្រើនបានចូលរួមឧបត្ថម្ភជាថវិកា ភេសជ្ជ: អាហារ និងសម្ភារៈជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយវជនសម្តេចតេជោ ដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩កន្លងមក៕