(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្តដល់រោងចក្រ សហគ្រាស និងម្ចាស់អាជីវកម្មទាំងអស់ ទទួលបន្ទុក និងរ៉ាប់រងលើការចំណាយចាក់វ៉ាក់សាំងដល់កម្មករ និយោជិត ក៏ដូចជាបុគ្គលិកបម្រើការងារនៅក្នុងសហគ្រាសរបស់ខ្លួន។

រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៥ ខែសីហា នេះ បានដាក់ចេញនូវគោលនយោបាយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញ ជូនដល់ប្រជាពលរដ្ឋ ដើម្បីបង្កើនអង្គការពារប្រឆាំងនឹងមេរោគកូវីដ១៩។ ការចាក់វ៉ាក់សាំងដូសជំរុញនេះ គឺធ្វើឡើងដោយឥតគិតថ្លៃសម្រាប់ប្រជាពលរដ្ឋទូទៅ។

ក៏ប៉ុន្តែដើម្បីជួយសម្រាលការលំបាករបស់រាជរដ្ឋាភិបាល ដែលកំពុងជួបវិបត្តិជំងឺកូវីដ១៩នេះ រាជរដ្ឋាភិបាល ក៏បានលើកទឹកចិត្តដល់រោងចក្រ សហគ្រាស និងម្ចាស់អាជីវកម្មទាំងអស់ ទទួលបន្ទុក និងរ៉ាប់រងលើការចំណាយក្នុងការចាក់វ៉ាក់សាំងដល់កម្មករ និយោជិត និងបុគ្គលិកនៅសហគ្រាសរបស់ខ្លួន។

ក្នុងគោលនយោបាយស្តីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញ រាជរដ្ឋាភិបាល បានគូសបញ្ជាក់យ៉ាងដូច្នេះ «សម្រាប់បណ្តារោងចក្រ-សហគ្រាស និងម្ចាស់អាជីវកម្មទាំងអស់ ក៏ត្រូវបានលើកទឹកចិត្តឱ្យចូលរួមចំណែកចែករំលែកបន្ទុកចំណាយជាមួយរាជរដ្ឋាភិបាល ក្នុងការផ្ដល់ការចាក់វ៉ាក់សាំងដូសជំរុញនេះ ដល់បុគ្គលិក និងកម្មករ-និយោជិតរបស់ខ្លួនឱ្យបានគ្រប់គ្នា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ នៅតាមរោងចក្រ-សហគ្រាស និងទីតាំងអាជីវកម្ម និងធានាបាននូវសុវត្ថិភាព និងនិរន្តភាពនៃកិច្ចដំណើរការផលិតកម្ម ជាប្រក្រតីនៅក្នុងរោងចក្រ-សហគ្រាស ឬអាជីវកម្មរបស់ខ្លួន»

បើទោះបីជាយ៉ាងណា រាជរដ្ឋាភិបាល នឹងរៀបចំឱ្យមានយន្តការ ដើម្បីសម្របសម្រួលជាមួយវិស័យឯកជន និងតួអង្គពាក់ព័ន្ធទាំងលើការរួមចំណែករបស់រោងចក្រ-សហគ្រាស និង ម្ចាស់អាជីវកម្មធំៗ ក្នុងការជួយរ៉ាប់រងចំណាយ ដើម្បីចាក់វ៉ាក់សាំងដូសជំរុញដល់បុគ្គលិក និងកម្មករ-និយោជិតរបស់ខ្លួន ទាំងលើការជួយគាំទ្រដល់វិស័យឯកជនក្នុងការនាំចូល និងចែកចាយវ៉ាក់សាំងកូវីដ-១៩ និងផ្តល់សេវាចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋកម្ពុជាក្នុងថ្លៃសមស្រប។

ក្រៅតែពីរោងចក្រ សហគ្រាស និងអាជីវកម្មហើយនោះ រដ្ឋាភិបាល ក៏បានលើកទឹកចិត្ត និងអំពាវនាវដល់ប្រជាជនមានលទ្ធភាពគ្រប់គ្រាន់ ឱ្យទៅទទួលយកការចាក់វ៉ាក់សាំងដូសជំរុញនេះ នៅតាមគ្រឹះស្ថានសុខាភិបាលឯកជន ដែលទទួលបានការអនុញ្ញាតឱ្យផ្តល់សេវាចាក់វ៉ាក់សាំងកូវីដ-១៩ផងដែរ។

សូមបញ្ជាក់ថា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញគោលនយោបាយស្តីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញ ជូនដល់ប្រជាពលរដ្ឋអាយុចាប់ពី១២ឆ្នាំឡើងទៅ។ ការចាក់ចាក់ដូសជំរុញនេះ ដើម្បីបង្កើនភាពឆ្លើយតបនៃអង្គបដិបក្ខនៃប្រព័ន្ធការពារក្នុងខ្លួន ឱ្យកាន់តែប្រសើរឡើងថែមទៀត ប្រឆាំងនឹងមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) និងប្រភេទបំប្លែងខ្លួនថ្មីផ្សេងទៀត។

ការចាក់ដូសជំរុញនឹងធ្វើឡើងចាប់ពីខែសីហា ឆ្នាំ២០២១នេះ ដល់អំឡុងពាក់កណ្តាលឆ្នាំ២០២២ ដោយអាស្រ័យលើលទ្ធភាពនៃការស្វែងរក និងទទួលបានវ៉ាក់សាំងកូវីដ១៩៕