(ភ្នំពេញ)៖ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានជួបសំណេះសំណាល និងឧបត្ថម្ភអំណោយជាសម្ភារ គ្រឿងឧបភោគ-បរិភោគ និងថវិកាដល់កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌទាំងអស់ ដើម្បីជាកាលើកទឹកចិត្ត ដែលបានខិតខំប្រឹងប្រែងចូលរួមសហការ បំពេញការងារយ៉ាងសកម្ម ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជម្ងឺកូវី១៩ និងការងាររៀបចំសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈបានយ៉ាងល្អប្រសើរ។

សកម្មភាពសមធម៌លើកទឹកចិត្តដល់កងកម្លាំងក្រោមឱវាទ ពីសំណាក់លោកអភិបាលខណ្ឌសែនសុខ បានរៀបចំធ្វើឡើង ស្ថិតនៅបរិវេណរដ្ឋបាលខណ្ឌ នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បន្ទាប់ពីរដ្ឋបាលខណ្ឌ ទទួលបានការឧបត្ថម្ភ ដូចជា មី, ត្រីខ, សាប៊ូដុំ, ថ្នាំដុះធ្មេញ, ទឹកដោះគោ និងថវិកាផងដែរ ពីលោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកស្រី យឹម ឆៃលីន ព្រមទាំងសប្បុរសជន តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

លោក ម៉ូវ ម៉ានិត ក្រៅពីការសំណេះសំណាល និងឧបត្ថម្ភអំណោយដល់កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌទាំងអស់ លោកក៏បានឆ្លៀតឱកាស ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ លោក ហ៊ុន ម៉ានី និងលោកស្រី យឹម ឆៃលីន ព្រមទាំងសប្បុរសជន តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានឧបត្ថម្ភ សម្ភារ គ្រឿងឧបភោគ-បរិភោគ និងថវិកាដល់រដ្ឋបាលខណ្ឌ៕