(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ បានទទួលផ្លែមៀន ចំនួន១៤តោន ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហកម្ពុជា តាមរយៈលោកឧត្តមសេនីយ៍ឯក អ៊ុង សារិទ្ធ មេបញ្ជាការរង និងជានាយសេនាធិការបញ្ជាការដ្ឋានអង្គរក្ស តំណាងនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស ដើម្បីចែកជូនដល់កងកម្លាំងនគរបាល។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ជំនួសមុខឲ្យនាយឧត្តមសេនីយ៍សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងនាយ នាយរង ព្រមទាំងពលនគរបាលជាតិទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់គិតគូរពីជីវភាពរស់នៅប្រជាពលរដ្ឋ ក្រុមគ្រូពេទ្យ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។

ក្នុងនាមកងកម្លាំងនគរបាលជាតិ នៅតែប្តេជ្ញាចិត្តខ្ពស់គាំទ្ររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត ជាពិសេសការពារជាតិ សាសនា ព្រះមហាក្សត្រ។

ជាថ្មីម្តងទៀត លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ក្នុងនាមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ សូមគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រា បុត្រី និងចៅៗជាទីស្រឡាញ់សូមមាន សុខភាពល្អបរិបូរណ៌ ប្រាជ្ញាឈ្លាវៃ ជន្មាយុយឺនយូរ។

សូមរំលឹកថា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង ប្រមូលទិញផ្លែមៀន របស់កសិករនៅតាមបណ្ដាខេត្ត ជាប់ព្រំដែន កម្ពុជា-ថៃ ដែលជួបប្រទះនូវបញ្ហា ក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដោយសារការឆ្លងរីករាលដាលជំងឺកូវី១៩។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ផ្លែមៀនដែលសម្តេចប្រមូលទិញ ពីកសិករដាំដុះនៅតាមខេត្តជាប់ព្រំដែនថៃ នឹងយកទៅចែកជូនកងទ័ព នគរបាល អាវុធហត្ថ គ្រូពេទ្យ អ្នកជំងឺ និងប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក៕