(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បានបញ្ជូនជនសង្ស័យ០៣នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ពាក់ព័ន្ធ ៣ករណីផ្សេងគ្នា បន្ទាប់ពីត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌឃាត់ខ្លួនបានជាបន្តបន្ទាប់។

ជនសង្ស័យទី១៖ ឈ្មោះ ប៉ិន រដ្ឋា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅ ក្នុងភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ ឃាត់ខ្លួនកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ពាក់ព័ន្ធករណី ផ្លោះរបងចូលលួចគាស់ផ្ទះប្រជាពលរដ្ឋបើកសេវាកម្មផ្ទេរ-ដកប្រាក់វីង មួយកន្លែងស្ថិតនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ចំនួន០២លើក ក្នុងអំឡុង ខែកក្កដា និងខែសីហា ឆ្នាំ២០២១ យកបានទ្រព្យសម្បត្តិ អស់មួយចំនួន។

ជនសង្ស័យទី២៖ ឈ្មោះ ឯក សុខារ៉ូ ភេទប្រុស អាយុ៣១ឆ្នាំ មានរបរជាសន្តិសុខ ស្រុកកំណើត ឃុំច្រកពោន ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ២៧ សង្កាត់កន្ទោក ខណ្ឌកំបូល ត្រូវបានមូលដ្ឋានអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ពាក់ព័ន្ធករណី គាស់ទ្វារបន្ទប់ជួលលួចយកសម្ភារៈបានមួយចំនួន នៅចំណុចបន្ទប់ជួលលេខ១៦ ភូមិអូរឌឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យបានសារភាពថា ខ្លួនបានធ្វើសកម្មភាពលួចរយៈពេល៣ឆ្នាំមកហើយ និងធ្លាប់ធ្វើសកម្មភាពលួចជាច្រើនលើក ថ្មីៗនេះបានចូលលួចក្នុងផ្ទះ ជនជាតិចិននៅម្តុំអូឌឹម បានលុយជាងមួយម៉ឺនដុល្លារ និងបានលួច នៅម្តុំបុរីពិភពថ្មីកំបូល បានម៉ូតូ០១គ្រឿង ហើយចុងក្រោយនេះ លួចនៅក្នុងភូមិសាស្ត្រ ខណ្ឌពោធិ៍សែនជ័យ ក៏ត្រូវកម្លាំងល្បាតអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនតែម្តង។

ជនសង្ស័យទី៣៖ ឈ្មោះ អាត ហេងឡុង ភេទប្រុស អាយុ១៧ឆ្នាំ នៅចំណុចផ្ទះលេខA33 ផ្លូវលំ ភូមិត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ត្រូវបានមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ អន្តរាគមន៍ឃាត់ខ្លួនកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ពាក់ព័ន្ធករណីគំរាមកំហែងទារប្រាក់ពីម្តាយបង្កើត និងវាយបំផ្លិចបំផ្លាញទ្រព្យសម្បតិ្តក្នុងផ្ទះជាច្រើនលើកច្រើនសារ ដោយសារជនសង្ស័យនេះ បានប្រើប្រាស់គ្រឿងញៀនរហូតគ្រប់គ្រងខ្លួនឯងលែងបាន៕