(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បាននាំយកផ្លែមៀនប៉ៃលិន «តាង៉ែន» ចំនួន១,៥០០គីឡូក្រាម ដែលជាផ្លែឈើធម្មជាតិក្នុងស្រុក ចែកជូនដល់ជនងាយរងគ្រោះ កុមារកំព្រា ជនពិការ និងជនចាស់ជរាទាំង៤ មណ្ឌល ក្នុងរាជធានីភ្នំពេញ។

នេះជាអំណោយរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានបញ្ជាទិញពីប្រជាកសិករ ដើម្បីគាំទ្រដំណាំចំការរបស់ម្ចាស់កសិផល តាមការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចទាំងទ្វេ តែងតែផ្ដល់នូវភាពកក់ក្ដៅអាណិតអាសូរ សណ្ដោសប្រណី យកចិត្តទុកដាក់គិតគូរខ្ពស់ សម្រាលនូវការលំបាករបស់ប្រជាកសិករទូទាំងប្រទេស ជាពិសេស ប្រជាកសិករនៅតាមបណ្ដារខេត្តជាប់ព្រំដែន ដែលគ្មានទីផ្សារសម្រាប់លក់ចេញនៅកសិផលរបស់ខ្លួន ដោយសារការរាតត្បាតជាសកលជំងឺកូវីដ-១៩ ។

លោកស្រី មុំ ចាន់ដានី បានបែងចែកផ្លែមៀន ជូនដល់៖

១៖ មជ្ឈមណ្ឌលសំចតសង្គមកិច្ច (ព្រៃស្ពឺ)ចំនួន៤០០គីឡូ
២៖ មជ្ឈមណ្ឌលឱកាសខ្ញុំ ចំនួន៤០០គីឡូ
៣៖ មណ្ឌលគាំពារមាតា និងទារកចំនួន៤០០គីឡូ
៤៖ អង្គការអាហ្វីស៊ីកទុំឌីចំនួន៣០០គីឡូ។

កុមារកំព្រាក្នុងមណ្ឌលថែទាំជំនួស, ជនរងគ្រោះ, ជនងាយរងគ្រោះក្នុងមណ្ឌលស្ដារនីតិសម្បទា និងជនចាស់ជរាគ្មានទីពឹងទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ គោរពជូនចំពោះលោក ឃួង ស្រេង ដែលបានកម្មង់ទិញផ្លែមៀន ចំនួន៣០តោន ពីប្រជាកសិករដើម្បីចែកជូនដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ច, ក្រុមគ្រូពេទ្យជួរមុខ, កុមារកំព្រា ក្នុងមណ្ឌលថែទាំជំនួស និងជនរងគ្រោះមួយចំនួន ទទួលបាននូវផ្លែឈើធម្មជាតិ ព្រមទាំងចូលរួម ចែករំលែក សុខទុក្ខ និងការលំបាករបស់ប្រជាកសិករ ខណៈដែលពួកគាត់កំពុងជួបការលំបាកបញ្ហាទីផ្សារនាំចេញ៕