(ស្ទឹងត្រែង)៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្តីសម្រេចបន្តបិទខ្ទប់ក្រុងស្ទឹងត្រែង រយៈពេល ១សប្តាហ៍ទៀត ដើម្បីទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ១៩ បំប្លែងថ្មី Delta ក្នុងភូមិសាស្រ្តខេត្ត។

បើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ត្រូវបានបន្តការបិទខ្ទប់ភូមិសាស្រ្ត ក្រុងស្ទឹងត្រែង នៃខេត្តស្ទឹងត្រែង ជាបណ្តោះអាសន្នក្នុងរយៈពេល៧ថ្ងៃទៀត គិតចាប់ពីវេលាម៉ោង២៣៖៥៩នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ដើម្បីសំដៅបន្តពង្រឹងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល ក្នុងសហគមន៍ដែលបណ្តាលមកពីមេរោគកូវីដ១៩ ប្រភេទ Delta ធានាការពារបានអាយុជីវិតប្រជាជន សុខភាពសាធារណៈ និងសន្តិសុខសុវត្ថិភាពសង្គម។

រដ្ឋបាលខេត្តបានឱ្យដឹងថា រាល់មូលដ្ឋាន ស្ថិតនៅក្រៅពីភូមិសាស្រ្តក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង បានបញ្ញត្តិឱ្យអនុវត្តវិធានការបិទខ្ទប់ជាបណ្តោះអាសន្ន ដោយលិខិតបទដ្ឋានគតិយុត្តរបស់រដ្ឋបាលខេត្ត ដែលនៅជាធរមាន ត្រូវបន្តអនុវត្តឱ្យមានប្រសិទ្ធភាព រហូតដល់មានការសម្រេចជាថ្មី។

បន្ថែមពីនេះរដ្ឋបាលខេត្តបានបន្តថា ត្រូវបានបញ្ចប់ការអនុវត្តវិធានការរដ្ឋបាល និងវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង ដែលបានបញ្ញត្តិក្នុងសេចក្តីសម្រេចលេខ ០៨៩/២១ សសរ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០១១ របស់រដ្ឋបាលខេត្ត ដោយអនុលោមតាមស្មារតី នៃសេចក្តីណែនាំលេខ ០៥ សណន ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា និងត្រូវបន្តការអនុវត្តវិធានការដូចមានបញ្ញត្តិក្នុងប្រការ១ និងប្រការ២ នៃសេចក្តីសម្រេចនេះ។

រដ្ឋបាលខេត្ត បានបញ្ជាក់បន្ថែមទៀតថា អភិបាលក្រុងស្ទឹងត្រែង និងអភិបាលស្រុក ដែលមានព្រំប្រទល់ជាប់នឹងក្រុងស្ទឹងត្រែង ត្រូវបង្កើនកិច្ចសហប្រតិបត្តិការល្អ ដើម្បីធ្វើការត្រួតពិនិត្យការធ្វើដំណើរចេញ-ចូល ឆ្លងកាត់ព្រំប្រទល់ក្រុងស្រុក សំដៅគ្រប់គ្រងភូមិសាស្ត្រដែលមានការផ្ទុះឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាពិសេសមេរោគកូវីដ១៩ ប្រភេទ Delta ក៏ដូចជាការទប់ស្កាត់ការឆ្លងរាលដាលនៃជំងនេះនៅក្នុងរង្វង់ភូមិសាស្រ្តដែនសមត្ថកិច្ចខេត្តស្ទឹងត្រែង៕

ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តស្ទឹងត្រែង៖