(ភ្នំពេញ)៖ អាជ្ញាធរជាតិអប្សរា បានជូនដំណឹងដល់ភ្នាក់ងារទេសចរ និងភ្ញៀវជាតិ-អន្តរជាតិ ដែលដើរកម្សាន្តនៅក្នុង ឧទ្យានជាតិអង្គរ ឲ្យត្រៀមលក្ខណៈសម្បត្តិ និងប្រុងប្រយ័ត្នឲ្យបានខ្ពស់ទប់ទល់ការកើនឡើងកម្តៅថ្ងៃ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ ជាយថាហេតុណាមួយ។

យោងតាមសេចក្តីជូនដំណឹង របស់អាជ្ញាធរជាតិអប្សរា ដែល Fresh News ទទួលបាននៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា អាកាសធាតុនាពេលបច្ចុប្បន្ន ជាពិសេសនៅខែមេសា ខាងមុខ អាកាសធាតុនឹងបន្តកើនកម្តៅខ្លាំង ហើយតំបន់មួយ ចំនួនអាចទទួលរងសំពាធខ្យល់ក្តៅខ្លាំង ដែលជាបញ្ហាប្រឈមក្នុងដំណើរទស្សនារបស់ភ្ញៀវជាតិ និងអន្តរជាតិក្នុងតំបន់ឧទ្យានជាតិ អង្គរ ក៏ដូចជាសាធារណជនទូទៅ។

អាជ្ញាធរជាតិអប្សរា បានព្រួយបារម្ភថា ការកើនឡើងកម្តៅនេះអាចធ្វើឲ្យមានផលប៉ះពាល់ និងកើតមានគ្រោះថ្នាក់ជាយថាហេតុ ណាមួយចំពោះភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទូទៅ។

ដើម្បីបង្កាបញ្ហាទាំងអស់នេះ អាជ្ញាធរជាតិអប្សរា បានជូនដំណឹងដល់ភ្ញៀជាតិ អន្តរជាតិ ត្រូវត្រៀមលក្ខណៈសម្បត្តិមួយចំនួន នៅក្នុងពេលដើរកម្សាន្ត។ លក្ខណៈសម្បត្តិនោះរួមមាន៖
- ទទួលទានទឹកឲ្យបានគ្រប់គ្រាន់ ជៀសវាងកើតមានបញ្ហាផ្នែកសុខភាពណាមួយ
- ពាក់មួយ ដើម្បីការពារកម្តៅថ្ងៃ ជាពិសេសចូលរួមប្រើប្រាស់មួកស្លឹកត្នោត ដែលជាអត្តសញ្ញាណជាតិខ្មែរ
- ប្រើប្រាស់ផលិតផលការពារស្បែក ជៀសវាងផលប៉ះពាល់ដោយកម្តៅថ្ងៃ
- ស្លៀកសម្លៀកបំពាក់សមរម្យ ដែលបង្កភាពងាយស្រួលដល់ខ្លួន ស្របតាមក្រមប្រតិបត្តិអង្គរ។

អាជ្ញាធរអប្សរា ក៏បានជូនដំណឹងដល់សមាគមទីភ្នាក់ងារទេសចរ សមាគមមគ្គុទេសក៍ទេសចរ មគ្គុទេសក៍ទេសចរ ក្រុមហ៊ុនទេសចរ សមាគមអ្នកបើកបររថយន្តដឹកជញ្ជូនភ្ញៀវទេសចរ និង អ្នកបើកបរដឹកជញ្ជូនភ្ញៀវទេសចរ គួរគប្បីចូលរួមណែនាំ និងចែករំលែកព័ត៌មានជូនភ្ញៀវទេសចរអំពីស្ថានភាពអាកាសធាតុក្តៅ និង មធ្យោបាយការពារឲ្យបានតាមគ្រប់រូបភាព និងតាមលទ្ធភាពដែលអាចធ្វើទៅបាន, កំណត់កាលវិភាគទស្សនាឲ្យបានសមរម្យជៀសវាង រៀបចំដំណើរទស្សនកិច្ចច្រើនកន្លែងពេក ក្នុងមួយថ្ងៃ និងត្រូវយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ។

ក្នុងករណីជួបប្រទះបញ្ហានានាក្នុងពេលដើរកម្សាន្តភ្ញៀវទេសចរ និងសាធារណជន អាចស្វែងរកការជួយអន្តរាគមន៍តាមទូរស័ព្ទលេខ៖ 012 197 8704/ 068 624 333/ 077 202 020/ 012 235 888។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ចាប់ពីថ្ងៃទី២៨ ខែមីនា ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦  សីតុណ្ហភាពនៅកម្ពុជា នឹងកើនឡើងខ្ពស់ពោលចាប់ពី៣៧អង្សា ដល់៤០អង្សាសេ ហើយចាប់ពីថ្ងៃទី១-៤ ខែមេសា មានភ្លៀងកកខែពីកម្រិត តិចទៅមធ្យមផងដែរ៕