(ភ្នំពេញ)៖ នៅក្រោយបញ្ចប់ នៃការចូលរួមគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ក្នុងមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤២ នាល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា នឹងធ្វើសន្និសីទសារព័ត៌មាន តាមប្រព័ន្ធអនឡាញ Zoom ដែលផ្សាយចេញពីវិមានរដ្ឋសភា។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០២១ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមមហាសន្និបាតប្រចាំឆ្នាំលើកទី៤២ អន្តរសភាអាស៊ាន ដែលហៅកាត់ថា (AIPA) ដែលធ្វើឡើងតាមប្រព័ន្ធវីដេអូ ដែលមានសភាប្រទេសព្រុយណេដារូស្សាឡាមធ្វើជាម្ចាស់ផ្ទះ។ មហាសន្និបាតអន្តរសភាអាស៊ានឆ្នាំនេះ ប្រារព្ធធ្វើឡើងក្រោមមូលបទ «ជំរុញកិច្ចសហប្រតិបត្តិការ សភាលើបរិយាប័ន្នឌីជីថល ឆ្ពោះទៅសហគមន៍អាស៊ានឆ្នាំ២០២៥»