(កែប)៖ រដ្ឋបាលខេត្តកែប បានចេញសេចក្ដីប្រកាសព័ត៌មានពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៧នាក់ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ។ នេះបើយោងតាមសេចក្ដីសម្រេច ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែសីហានេះ។

រដ្ឋបាលខេត្ត ក៏អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសអ្នកដែលបានជួបប្រាស្រ័យ ទាក់ទងផ្ទាល់ជាមួយបុគ្គលវិជ្ជមានខាងលើ ប្រសិនបើមានអាការៈគួរឱ្យសង្ស័យ ដូចជាឡើង កម្ដៅ ផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗទៀត សូមប្រញាប់ទាក់ទងមកក្រុមការងារ ឆ្លើយតបបន្ទាន់របស់រដ្ឋបាលខេត្ត តាមរយៈទូរស័ព្ទលេខ៖ ០១៦ ៣៣៤ ៣៣៣ ឬអាជ្ញាធរមូលដ្ឋាន ដែលនៅជិតបំផុត ដើម្បីពិភាក្សា និងរៀបចំធ្វើតេស្តរកមេរោគកូវីដ-១៩ ឱ្យបានឆាប់បំផុត។

រដ្ឋបាលខេត្ត សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងចូលរួមសហការអនុវត្តតាមសេចក្តី ណែនាំស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកែប ឱ្យមានប្រសិទ្ធភាពខ្ពស់ និងសូមបង្កើនការប្រុងប្រយ័ត្នដោយត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត នូវវិធានការ «៣ការពារ និង៣កុំ» ជាពិសេស វិធានការរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីក្រុមគ្រួសារ និងសហគមន៍ ចៀសផុតពីជំងឺឆ្លងដ៏កាចសាហាវនេះ៕

ខាងក្រោមនេះ ជាសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្ដកែប៖