(កំពង់ធំ)៖ អភិបាលស្រុកស្ទោងថ្មី លោក សាយ គឹមឡម ក្នុងនាមជាអនុប្រធាននៃអនុសាខាកាកបាទក្រហមស្រុកស្ទោង ព្រមទាំងសមាជិក-សមាជិកាជាច្រើននាក់ទៀត បានចុះសួរសុខទុក្ខគ្រួសារលោក ភីម ហេង និងអ្នកស្រី ជីម ធីតា រស់នៅភូមិលាបទង ឃុំទ្រា ដែលត្រូវភ្លើងឆេះផ្ទះអស់ទាំងស្រុងគួរឱ្យសង្វេគ នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១។

សកម្មភាពរបស់អនុសាខាកាកបាទក្រហមស្រុកស្ទោងខាងលើនេះ ធ្វើឡើងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១។ ក្នុងឱកាសនោះ លោកអភិបាលស្រុកស្ទោង ក៏បានសម្ដែងនូវសមានចិត្តសោកស្ដាយជាមួយគ្រួសារពលរដ្ឋរងគ្រោះ និងបានពោលថា ហេតុការណ៍ដ៏សោកសង្រេងនេះ មិនមាននរណាម្នាក់ចង់ជួបប្រទះនោះទេ។

គួរបញ្ជាក់ថា ផ្ទះដែលរងការខូចខាតខាងលើនេះ គឺសង់ធ្វើពីថ្ម ទំហំ ៨ម៉ែត្រ គុណនឹង ៣៣ម៉ែត្រ ត្រូវឆេះអស់ទាំងស្រុង និងមានការខូចខាតកុំព្យូទ័រ ២០គ្រឿង ព្រីនថឺរ ១២០គ្រឿង ទូកញ្ចក់ដប់ គ្រែគេងពីរ និងសម្ភារៈមួយចំនួនធំទៀត។ ក្នុងថ្ងៃកើតហេតុនោះ លោកឧត្តមសេនីយ៍ត្រី ហ៊ាង ហ៊ល ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានដឹកនាំកម្លាំងអន្តរាគមន៍ចម្រុះចំនួន ៤៩នាក់ និងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៤គ្រឿង ប្រើទឹកអស់ ១១ឡាន។ មូលហេតុនៃការឆេះ គឺដោយសារឆ្លងចរន្តអគ្គិសនី។

អំណោយដែលបានផ្តល់ជូនដល់គ្រួសាររងគ្រោះនោះ រួមមាន អង្ករ ១០០គីឡូក្រាម មី ២កេស ត្រីខ ២យួរ ទឹកត្រី ២យួរ ទឹកស៊ីអ៉ីវ ២យួរ មុង ២ កន្ទេល ២ ទឹកបរិសុទ្ធ ២យួរ និងថវិកាចំនួន ១,០៥០,០០០រៀល។

ជាមួយគ្នានោះដែរ លោកអភិបាលស្រុកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់គ្នា សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាអគ្គិភ័យនេះ ហើយត្រូវយកចិត្តទុកដាក់អំពីរឿងប្រព័ន្ធអគ្គិសនី ភ្លើងធូប ទៀន ចង្ក្រានជាដើម ធ្វើយ៉ាងណាមុននឹងចាកចេញក្រៅផ្ទះ ត្រូវពិនិត្យពិច័យឱ្យបានហ្មត់ចត់បំផុត៕