(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា នៅថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះនឹងជួប ពិភាក្សាជាមួយថ្នាក់ដឹកនាំកំពូលៗ​ នៃប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួនដូចជា នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ និងប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ផាក គឺនហេ នៅក្នុងកិច្ចប្រជុំកំពូល នុយក្លេអ៊ែរសកល ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ នេះបើតាមការផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០១៦។

កិច្ចប្រជុំខាងលើនេះ ត្រូវបានមន្ត្រីសេតវិមានអាមេរិក បង្ហើបថា នឹងលើកយកបញ្ហាក្តៅគគុកដែលបង្ក ឡើងដោយសារការសាកល្បងអាវុធប្រល័យលោក និង ការបាញ់គ្រាប់មីស៊ីលជាច្រើនលើក នៅឆ្នាំ២០១៦នេះ ពីសំណាក់ប្រទេសកូរ៉េខាងជើង បើទោះបីជាទណ្ឌកម្មជាច្រើន ត្រូវបានដាក់ដោយអន្តរជាតិ ចំពោះរបបដឹកនាំទីក្រុងព្យុងយ៉ាង ខ្លាំងឡើងៗយ៉ាងណាក៏ដោយ។

គួរបញ្ជាក់ថា ការប្រកាសពីជំនួបជាមួយមេដឹកនាំកំពូលៗខាងលើនេះ បានកើតឡើងបន្ទាប់ពី សេតវិមានប្រកាសពីគម្រោងជួបពិភាក្សគ្នា រវាងលោក អូបាម៉ា និងប្រធានាធិបតីចិនលោក ស៊ី ជិនពីង ដែលកិច្ចពិភាក្សាស្តីពីសន្តិសុខនុយក្លេអ៊ែរ និង បញ្ហាកូរ៉េខាងជើង នឹងស្ថិតនៅក្នុងរបៀបវារៈ។ ដោយឡែកកិច្ចសហប្រតិបត្តិការ ផ្នែកសន្តិសុខក្នុងតំបន់ គឺជាប្រធានបទនាំមុខនៃកិច្ចប្រជុំនោះ៕