(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានលើកឡើងថា ប្រទេសចិន បានក្លាយជាប្រទេសឈានមុខគេ នៅក្នុងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយមិនប្រកាន់និន្នាការ ទាំងក្នុងក្របខណ្ឌមនុស្សធម៌ និងការបញ្ជាទិញដោយផ្ទាល់ ជាពិសេសបាននិងកំពុងចូលរួមជួយជ្រោមជ្រែងប្រទេសកំពុងអភិវឌ្ឍ ក្នុងការទទួលបានវ៉ាក់សាំងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ។

សម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឱ្យដឹងថា ចំណុចនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់មិនអាចប្រកែកបានអំពីសន្តានចិត្តមនុស្សធម៌ ការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់របស់ប្រទេសចិន ជាពិសេសស័ក្តិសមជាប្រទេសមហាអំណាចមួយ ដែលមានភាពជាអ្នកដឹកនាំច្បាស់លាស់។

ការលើកឡើងបែបនេះ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញទទួលវ៉ាក់សាំងប្រភេទស៊ីណូហ្វាម ចំនួន១០០,០០០ដូស ជាជំនួយរបស់សមាគមកាកបាទក្រហមចិន ដោយផ្ទាល់នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ ដោយមានការចូលរួមពី លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានថ្លែងថា ក្នុងបរិការណ៍បច្ចុប្បន្ន ជំនួយមនុស្សធម៌នេះ មិនថាក្នុងបរិមាណ គឺជាទង្វើដ៏ថ្លៃថ្លាដែលមិនអាចកាត់ថ្លៃបាន និង បង្ហាញអំពីទឹកចិត្តឈឺឆ្អាលប្រកបដោយមនសិការ ក្នុងការជួយគ្នាក្នុងគ្រាលំបាកនេះ ខណៈដែលវ៉ាក់សាំង បានក្លាយជា ទំនិញយុទ្ធសាស្រ្តសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ នៅទូទាំងពិភពលោក។ ជាមួយគ្នានេះដែរ សម្តេចបានបន្តថា កាយវិការនេះ បានឆ្លុះបញ្ចាំងពីចំណងមិត្តភាពកាន់តែស្អិតរមួត និងឥតប្រួលប្រែជាយូរអង្វែង រវាងប្រទេសទាំង២ ជាពិសេសកិច្ចសហប្រតិបត្តិការរវាងកាកបាទក្រហមកម្ពុជា និងសមាគមជាតិកាកបាទក្រហមចិន។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានលើកឡើងយ៉ាងដូច្នេះថា៖ «ជាការពិតណាស់ ក្នុងក្របខណ្ឌសកលសាធារណរដ្ឋប្រជាមានិតចិន បានក្លាយជាប្រទេសឈានមុខគេ នៅក្នុងការផ្តល់វ៉ាក់សាំង ដោយមិនប្រកាន់និន្នាការ ទាំងក្នុងក្របខណ្ឌមនុស្សធម៌ និងការបញ្ជាទិញដោយផ្ទាល់ ជាពិសេស បាននិងកំពុងចូលរួមជួយជ្រោមជ្រែង ប្រទេសកំពុងអភិវឌ្ឍ ក្នុងការទទួលបានវ៉ាក់សាំងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ។ ការណ៍នេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ មិនអាចប្រកែកបាន អំពីសន្តានចិត្តមនុស្សធម៌ ការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់របស់ប្រទេសចិន ជាពិសេសស័ក្តិសមជាប្រទេសមហាអំណាចមួយ ដែលមានភាពជាអ្នកដឹកនាំច្បាស់លាស់»

សម្តេចប្រធានកាកបាទក្រហមកម្ពុជា បានបន្តថា សម្រាប់កម្ពុជា ក្នុងបរិការណ៍នៃការរីករាលដាលនៃជំងឺកូវីដ១៩ មិត្តចិន តែងតែនឹករលឹកដល់កម្ពុជា និងខិតខំជួយកម្ពុជា តាមគ្រប់រូបភាពក្នុងការធានានិរន្តភាពកិច្ចអភិវឌ្ឍសង្គម ដោយឈរលើចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រជាជាតិ និងប្រជាជននៃប្រទេសទាំង២។

បន្ថែមពីនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានគូសបញ្ជាក់ថា «ជាក់ស្តែងកម្ពុជា បាននិងកំពុងទទួលនូវជំនួយជាបន្តបន្ទាប់ពីមិត្តចិន ពោលគឺជាថវិកាហិរញ្ញប្បទាន ឧបករណ៍ និងសម្ភារវេជ្ជសាស្ត្រ និងជាពិសេស វ៉ាក់សាំងនេះតែម្តង ដែលបានចូលរួមចំណែកយ៉ាងធំធេងធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសមានលទ្ធភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងជំងឺ និងសម្រេចបានអត្រាខ្ពស់ នៃការចាក់វ៉ាក់សាំងជូនប្រជាជន»