(ភ្នំពេញ)៖ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា តំណាងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ បានបើកវគ្គបណ្តុះបណ្តាល គ្រូបង្គោលផ្នែកការិយាល័យជួរមុខ ក្នុងកម្មវិធីបណ្តុះបណ្តាល ហូកា (HoKa) នៃកម្មវិធីអភិវឌ្ឍន៍ជំនាញ SDP។

វគ្គបណ្តុះបណ្តាលនេះដែរក៏មានការចូលរួមពីលោក សាយ ម៉េងគីម អភិបាលរងមណ្ឌលគិរី, លោក ញ៉ិប ម៉េងជាង អនុប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការស្វីស ខន់ថាក់, លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងគម្រោងហូកា និងមានការចូលរួម ពីប្រធានមន្ទីរទេសចរណ៍ ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រនតៈគីរី និងមណ្ឌលគិរី រួមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត តាមប្រព័ន្ធវិដេអូផងដែរ។

លោក ប៉ាក់ សុខុម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងគម្រោង ហូកា ក្រុមការងារនៃអង្គការស្វីសខន់ថាក់កម្ពុជា និងមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី ដែលបានសហការគ្នាយ៉ាងល្អ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ដើម្បីជំរុញកិច្ចការអភិវឌ្ឍន៍ជំនាញទេសចរណ៍ក្នុងខេត្ត គោលដៅគម្រោង តំបន់ភូមិភាគឥសាន្ត សំដៅចូលរួមស្តាវិស័យទេសចរណ៍ឡើងវិញជាមួយរាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ តាមរយៈការអភិវឌ្ឍន៍ វិជ្ជាជីវៈទេសចរណ៍។

លោក ប៉ាក់ សុខុម បានបន្ថែមថា ការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ គឺជាធាតុដ៏សំខាន់មួយរបស់ផែនទីចង្អុលផ្លូវស្តីពីការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ២០២០-២០២៥ ក្នុងនោះសកម្មភាពសំខាន់ នៅក្នុងមុំបណ្តុះបណ្តាវិជ្ជាជីវៈទេសចរណ៍រួមមាន៖

* ទី១៖ ពង្រឹងលក្ខណៈសម្បត្តិឲ្យបុគ្គលិកក្នុងឧស្សាហកម្ម ទេសចរណ៍ត្រៀមខ្លួនឆ្ពោះទៅដំណាក់កាលស្តារឡើងវិញ តាមរយៈការពង្រឹងជំនាញវិជ្ជាជីវៈ និងសមត្ថភាព របស់ខ្លួន
* ទី២៖ លើកកម្ពស់ផលិតភាពក្នុងឧស្សាហកម្មទេសចរណ៍ តាមរយៈពង្រឹងការបណ្តុះបណ្តាលអក្ខរកម្ម ឌីជីថល និងជំនាញឌីជីថលក្នុងឧស្សាហកម្មទេសចរណ៍
* ទី៣៖ ពង្រឹងការអភិវឌ្ឍន៍ជំនាញទេសចរណ៍ក្នុងបរិកាណ៍ថ្មី រួមមានបន្ស៊ីជំនាញឌីជីថលជាមួយនឹងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ពង្រឹងការអភិវឌ្ឍជំនាញទេសចរណ៍ស្របតាមចក្ខុវិស័យ “បុគ្គលិកម្នាក់ ជំនាញមួយ” និងបន្តជំរុញកម្មវិធីកម្មសិក្សាក្នុងវិស័យ ទេសចរណ៍ (Internship Program)
* ទី៤៖ គម្រោងបង្កើតសាលាជាតិវិជ្ជាជីវៈទេសចរណ៍ នៅខេត្តសៀមរាប និងខេត្តមណ្ឌលគិរី
* ទី៥៖ ការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) ដែលជាគម្រោង របស់ក្រសួងទេសចរណ៍ ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការ ស្វីស ខន់ថាក់ ដែលយើងកំពុងតែអនុវត្ត ជាពិសេសវគ្គបណ្តុះបណ្តាល គ្រូបង្គោលនេះតែម្តង។

ជាមួយគ្នានោះ លោកក៏បានសម្តែងនូវការត្រេកអរជាមួយអភិបាលរងខេត្តមណ្ឌលគិរី ចំពោះការអនុម័តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ «ផែនការមេសម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥» ក្នុងចក្ខុវិស័យគឺជំរុញការអភិវឌ្ឍខេត្តមណ្ឌលគិរី ជាគោលដៅទេសចរណ៍លំដាប់អន្តរជាតិ និងជាខេត្តដ៏សំខាន់ក្នុងការផ្គត់ផ្គង់ផ្កា បន្លែ និងផ្លែឈើ សម្រាប់បំពេញតម្រូវការក្នុងប្រទេស និងឈានដល់ការនាំទៅកាន់ទីផ្សារក្រៅប្រទេស រួមចំណែកធ្វើឲ្យតំបន់ ភូមិភាគឥសាន ដែលមានខេត្តមណ្ឌលគិរីជាស្នូល ក្លាយជាប៉ូលសេដ្ឋកិច្ចទី៤ ខណៈដែលនៅឆ្នាំ២០៣៥ ចំនួនភ្ញៀវទេសចរអន្តរជាតិមកកាន់ខេត្តមណ្ឌលគិរី ត្រូវបានព្យាករថា នឹងកើនឡើងដល់ប្រមាណ ៩០ម៉ឺននាក់។

បន្ថែមពីនេះ លោក ប៉ាក់សុខុម ក៏លើកទឹកចិត្តសិក្ខាកាមទាំងអស់ឱ្យខិតខំប្រឹងប្រែងយកចំណេះដឹង និងជំនាញដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះទៅចែករំលែកបន្ត និងអនុវត្ត ក្នុងសកម្មភាពអាជីវកម្មរបស់ខ្លួនឱ្យបានល្អប្រសើរ និងត្រូវមានគំនិតសុទិដ្ឋិនិយមចំពោះការងើបឡើងវិញនៃវិស័យទេសចរណ៍នៅពេលខាងមុខ និងត្រៀមខ្លួនដើម្បីចូលរួមពង្រឹងសេវាកម្មទេសចរណ៍នៅភូមិភាគឥសាន្តនេះ បានយ៉ាងល្អប្រសើរផងដែរ៕