(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច លោកស្រី ម៉ែន សំអន បានថ្លែង ថា បើទោះបីសព្វថ្ងៃវិស័យកិច្ចការនារី មានការរីកចម្រើនក្តី ប៉ុន្តែស្ត្រីជាមេគ្រួសារ ក្មេងស្រី ក្នុងប្រទេសកម្ពុជានៅតែជួបបញ្ហាប្រឈម ជាច្រើននៅឡើយ។

ក្នុងឱកាសអញ្ជើញចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៦នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦នេះ លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា បញ្ហាប្រឈមសម្រាប់ស្ត្រីកម្ពុជានោះ មានដូចជា ការមាក់ងាយពី បុរស ពីអ្នកមានអំណាច ពិសេសការរំលោភបំពានផ្លូវភេទ អំពើហឹង្សាលើស្ត្រី ការជួញដូរផ្លូវភេទ ការបោកបញ្ឆោត ការរើសអើង ភាព ក្រីក្រ និងសុខភាពទន់ខ្សោយជាដើម។

លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា កង្វះការយល់ដឹងពីតម្លៃរបស់ស្ត្រី ការរើសអើងរបស់មនុស្សខ្លះក្នុងសង្គម ការភ្លើតភ្លើនទៅ តាមសម្ភារៈនិយម ការវិវឌ្ឍ ផ្នែកសេដ្ឋកិច្ច និងសង្គមនៅលើពិភពលោក និងនៅកម្ពុជា ការកើនឡើង នៃទេសន្តប្រវេសន៍ឆ្លងដែន ការ កើនឡើង នៃសេវាកម្មទេសចរណ៍ ជាពិសេសក្នុងវិស័យឧស្សាហកម្មកម្សាន្ត ការប្រើខុសទិសដៅ នៃបច្ចេកវិទ្យាទំនើប ដូចជាទូរស័ព្ទ  អ៊ីនធើណេត និងបណ្តាញសង្គមទំនើប ដូចជា Facebook ជាដើម បានធ្វើឲ្យប៉ះពាល់ទៅលើសេចក្តីថ្លៃថ្នូរ កិត្តិយស និង តម្លៃរបស់ ស្រ្តីខ្មែរ ក្នុងគ្រួសារ ក្នុងសង្គម និងប្រទេសជាតិទាំងមូលផងដែរ។

ដើម្បីទប់ស្កាត់ និងដោះស្រាយទៅលើបញ្ហានេះ លោកស្រី ម៉ែន សំអន បានអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធរួមគ្នាប្រឹងប្រែងចាត់វិធាន ការរកដំណោះស្រាយឲ្យបានទាន់ពេលវេលា និង គ្រប់រូបភាព។

លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការ និងគោលនយោបាយជាច្រើន ដើម្បីលើកកម្ពស់ សិទ្ធិស្រ្តី និងបញ្ឈប់ការរើសអើងលើស្រ្តី។ លោកស្រីបញ្ជាក់ដូច្នេះ «រាជរដ្ឋាភិបាលកម្ពុជា កំពុងដាក់ចេញនូវវិធានការ ជាក់លាក់មួយ ចំនួន ដើម្បីលើកកម្ពស់សមភាពយេនឌ័រ ដូចជា ការតែងតាំងស្ដ្រីជាអភិបាលរង រាជធានី ,ខេត្ដ ,ក្រុង, ស្រុក, ខណ្ឌ ការតែងតាំងឲ្យ មានស្រ្ដីជាថ្នាក់ដឹកនាំ ក្នុងកងកម្លាំងប្រដាប់អាវុធ គ្រប់កម្រិត ការតែងតាំង និងបង្កើនឲ្យមានស្ដ្រីជាអ្នកធ្វើសេចក្ដីសម្រេច នៅតាម ក្រសួង ស្ថាប័ន និង អង្គភាព នានា និងសេចក្ដីណែនាំ ក្នុងការលើកកម្ពស់ សមភាព យេនឌ័រ និងបង្កើនភាពអង្គអាចដល់ស្ដ្រី គ្រប់ ក្រសួងស្ថាប័ន បង្កលក្ខណៈជ្រើសរើសប្រលងមន្ដ្រីរាជការឲ្យចូលបម្រើការងារ ត្រូវមានស្រ្ដី ឲ្យបាន២០ ទៅ៥០ ភាគរយ មិនតែ ប៉ុណ្ណោះរាជរដ្ឋាភិបាល បានពន្យារអាយុមន្រ្ដី ដែលជាស្រ្ដីឲ្យចូលនិវត្ដន៍ដល់អាយុ៦០ឆ្នាំផងដែរ»

លោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារីបានបញ្ជាក់ផងដែរថា បច្ចុប្បន្នស្រ្ដី នៅមានតែមានបញ្ហាប្រឈម និងជួបនូវឧបសគ្គ មួយចំនួនដូចជា ឥរិយាបថសង្គម ការរើសអើងលើស្ដ្រី ការទទួលបានការសិក្សា អប់រំខ្ពស់នៅមានកំរិត បន្ទុកធ្ងន់ធ្ងរ លើការទទួល ខុសត្រូវក្នុងគ្រួសារ កង្វះខាត ក្នុងការដាក់បេក្ខភាពស្ដ្រី នៅលំដាប់លេខរៀងខ្ពស់ ឬក្នុងការតម្លើងតួនាទី រួមទាំងទស្សនៈអវិជ្ជមាន របស់ស្ដ្រីខ្លួនឯង ដែលធ្វើឲ្យស្ដ្រី មិនហ៊ានឈរឈ្មោះបោះឆ្នោត ឬ ទទួលតួនាទីតាមការតែងតាំង៕