(ភ្នំពេញ)៖ លោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានថ្លែងក្នុងន័យផ្លែផ្កាទៅសហរដ្ឋអាមេរិកថា ប្រទេសនេះមិនខ្វាយខ្វល់ពីស្ថានភាពទូទៅនៃការប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩របស់ពិភពលោកទេ បែរជាយកបញ្ហា «ស្វែងរកប្រភពដើមនៃមេរោគនេះ» ធ្វើជាឈ្នាន់នយោបាយទៅវិញ។

លោក វ៉ាង វិនធាន ថ្លែងបែបនេះ ក្នុងពិធីប្រគល់ និងទទួលវ៉ាក់សាំងកូវីដ១៩ ប្រភេទស៉ីណូហ្វាម ចំនួន ៥០ម៉ឺនដូស ដែលជាជំនួយរបស់កងទ័ពរំដោះប្រជាជនចិនជំហានទី៣ ជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានធ្វើឡើងក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១។

លោកឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងថា ជំងឺកូវីដ១៩ប្រៀបដូចជាកញ្ចក់មួយផ្ទាំង ដែលអាចឆ្លុះបង្ហាញពីរូបភាពផ្សេងៗនៅលើពិភពលោក មានភាពកក់ក្តៅរួមសុខរួមទុក្ខរវាងចិននិងកម្ពុជា ក៏មានរូបភាពការទម្លាក់កំហុសរបស់ប្រទេសមួយចំនួនផងដែរ។

«មានប្រទេសខ្លះ មិនខ្វល់ខ្វាយពីសុវត្ថិភាពរបស់ប្រជាជនខ្លួនឯង ក៏ដូចជាស្ថានភាពទូទៅនៃការប្រយុទ្ធប្រឆាំងជំងឺវីរុសលើសកល បែរជាយកបញ្ហា “ស្វែងរកប្រភពដើមនៃជំងឺវីរុស” ធ្វើជាឈ្នាន់នយោបាយទៅវិញ។ នេះមិនអាចយកចិត្តប្រជាជនបាន ប្រៀបដូចជាយកដុំថ្មមកទម្លាក់លើជើងខ្លួនឯង។ ប្រឈមមុខនឹងស្ថានការណ៍ដ៏ស្មុគស្មាញនៃជំងឺវីរុស ចិនតែងតែប្រកាន់ខ្ជាប់នូវគំនិតសហគមន៍សុខាភិបាលមនុស្សជាតិនិងអាកប្បកិរិយាវិទ្យាសាស្រ្ត ប្រឆាំងជាដាច់ខាតដែលយកបញ្ហា “ស្វែងរកប្រភពដើមនៃជំងឺវីរុស” ធ្វើនយោបាយ»។ នេះជាការបញ្ជាក់បន្ថែម ពីលោក វ៉ាង វិនធាន។

សូមជំរាបថា ក្នុងបទសម្ភាសន៍ពិសេសមួយជាមួយលោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញ ព័ត៌មាន Fresh News នាពេលថ្មីៗនេះ លោក វ៉ាង វិនធាន បានអះអាងថា ប្រជាជនចិនជាង ២០លាននាក់ បានដាក់ញ្ញត្តិតាមអនឡាញទៅកាន់ អង្គការសុខភាពពិភពលោក (WHO) ដើម្បីទទូចឲ្យមានការស៉ើបអង្កេតទៅលើ មន្ទីរពិសោធន៍ជីវសាស្រ្ត Fort Detrick នៅសហរដ្ឋអាមេរិកផងដែរ ចៀសវាងកុំឲ្យប្រែក្លាយរឿងរកប្រភពមេរោគកូវីដ១៩ ទៅជារឿងនយោបាយ។

កាលពីថ្ងៃទី២ ខែសីហា បក្សនយោបាយ អង្គការសង្គម និងធនាគារគំនិតជាង៣០០នៃប្រទេស និងតំបន់ជាង ១០០ លើពិភពលោកបានដាក់ «សេចក្តីថ្លែងការណ៍រួម» ជូនលេខាធិការដ្ឋាន WHO ដោយបានអំពាវនាវឱ្យអង្គការនេះ ធ្វើការសិក្សាស្រាវជ្រាវស្វែងរកជាសកលនូវប្រភពដើមនៃវីរុសកូវីដ១៩ ដោយសត្យានុម័ត និងយុត្តិធម៌ ប្រឆាំងជាដាច់ខាតចំពោះការធ្វើឱ្យបញ្ហាតាមដានប្រភពដើមនៃវីរុស ក្លាយជារឿងនយោបាយ។

បន្ថែមលើនេះ ក្រោយបញ្ចប់ការស្រាវជ្រាវនៅក្រុងវូហាន ប្រទេសចិន កាលពីដើមខែកុម្ភៈ ឆ្នាំ២០២១ អ្នកជំនាញរបស់ WHO បាននិយាយថា ប្រភពដើមនៃវីរុសកូរ៉ូណា ទំនងមិនមែនលេចធ្លាយចេញពីមន្ទីរពិសោធនៅទីក្រុងវូហាននោះទេ។ ប៉ុន្តែអ្វីដែលច្បាស់បំផុតនោះគឺថា វាបានឆ្លងមកកាន់មនុស្សតាមរយៈពពួកសត្វ៕