(ព្រះសីហនុ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារអន្តរក្រសួង-ស្ថាប័ន ព្រមទាំងក្រុមការងារនៃរដ្ឋបាលខេត្តព្រះសីហនុ ចុះត្រួតពិនិត្យទីតាំងត្រៀមរៀបចំវេទិការ ទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022) នៅខេត្តព្រះសីហនុ ពោលគឺនៅក្នុងបរិវេណសណ្ឋាគារសុខា ដើម្បីត្រៀមលក្ខណៈឱ្យបានហ្មត់មត់ក្នុងការទទួលរៀបចំព្រឹត្តិការណ៍ទេសចរណ៍នាពេលខាងមុខនេះ។

បន្ទាប់ពីដើរត្រួតពិនិត្យនៅតាមទីតាំងសំខាន់ៗមួយចំនួនក្នុងបរិវេណសណ្ឋាគារសុខារួចមក លោករដ្ឋមន្ត្រី ថោង ខុន បានរាយការណ៍ជូនក្រុមការងារទាំងអស់ថា វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ (ASEAN Tourism Forum 2022) ឬហៅកាត់ថា ATF 2022 នេះ នឹងប្រារព្ធឡើងនៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៦-២២ ខែមករា ក្រោមប្រធានបទ «អាស៊ាន៖ សហគមន៍សន្តិភាព និងវាសនាតែមួយ (ASEAN – A Community of Peace and Shared Future)» ឆ្ពោះទៅការស្តារវិស័យទេសចរណ៍ និងការបើកឡើងវិញនូវវិស័យនេះក្នុងតំបន់ប្រកបដោយភាពធន់ និរន្តរភាព និងភាពទទួលខុសត្រូវនាពេលអនាគត។

លោក ថោង ខុន បានបន្តថា វេទិកាទេសចរណ៍អាស៊ាននេះនឹងមានព្រឹត្តិការណ៍សំខាន់ៗ ដូចជា កិច្ចប្រជុំរបស់ស្ថាប័នទេសចរណ៍ថ្នាក់ជាតិ (National Tourism Oganizationa) កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន (ASEAN Tourism Ministers Meetings) កិច្ចប្រជុំអាស៊ានបូកបី (ជប៉ុន កូរ៉េខាងត្បូង និងចិន) កិច្ចប្រជុំអាស៊ានបូកមួយ (អាស៊ាន-ឥណ្ឌា) និងអាចមានកិច្ចប្រជុំជាមួយអង្គការដៃគូរពាក់ព័ន្ធ ព្រមទាំងកិច្ចប្រជុំផ្នែកឯកជន (ASEANTA Meetings) និងសិក្ខាសាលានានាជាច្រើន និងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ «TRAVEX»។ ការតាំងពិព័រណ៍ទេសចរណ៍អន្តរជាតិ TRAVEX ជាវេទិកាធុរកិច្ចទេសចរណ៍ដ៏ធំបំផុតក្នុងអាស៊ាន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩-២០ ខែមករា ឆ្នាំ២០២២ និងមានការចូលរួមពីក្រុមហ៊ុនជាអ្នកលក់ (Sellers) និងអ្នកទិញ ( Buyers)។

អ្វីដែលជាការកត់សម្គាល់នោះ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា លើកនេះមិនអាចធ្វើធំដូចមុនៗបានទេ ដោយសារបញ្ហាកូវីដនៅមាននៅឡើយ ដែលចាំបាច់ត្រូវជំរុញការអនុវត្តនូវវិធានសុវត្ថិភាព វិធានសុខាភិបាលឱ្យបានហ្មត់ចត់ ស្របតាមគន្លងប្រក្រតីភាពថ្មី។ លោកថា យើងនឹងពិចារណាកាត់បន្ថយទំហំទាំងការប្រជុំនានា ពិព័រណ៍ អ្នកសារព័ត៌មានផងដែរ។ ការរៀបចំវេទិកាទេសចរណ៍អាស៊ាននេះ ទាំងអ្នកចូលរួម ទាំងម្ចាស់ផ្ទះត្រូវតែធានាបាននូវសុវត្ថិភាពសុខាភិបាល ដោយត្រូវចេះអនុវត្តនតាមគន្លងប្រក្រតីភាពថ្មី។ ការស្នាក់នៅ ហូបចុក និងគ្រប់សកម្មភាពនៃព្រិត្តិការណ៍ ត្រូវរៀបចំយ៉ាងសាមញ្ញ ក្រៅអគារ (outdoors) ក្នុងបរិវេណតែមួយ ដែលមានពហុសេវាគ្រប់គ្រាន់ ងាយស្រួលក្នុងការគ្រប់គ្រង និងត្រួតពិនិត្យវិធានសុខាភិបាលដោយហ្មត់ចត់។ កម្មវិធីប្រជុំខ្លះអាចធ្វើតាមរបៀបកូនកាត់ (Hybrid)។ កម្មវិធីទស្សនកិច្ចទីក្រុង ឬគោលដៅផ្សេងត្រូវតែមានការរៀបចំដោយគណៈកម្មការ។ និយាយរួម កន្លែងប្រារព្ធពិធីត្រូវតែជាគោលដៅសុវត្ថិភាពដែលរៀបចំឡើង និងប្រត្តិបត្តិតាម SOP ដែលកំនត់ដោយរាជរដ្ឋភិបាល។

ជាការពិតណាស់ រាជរដ្ឋាភិបាលបានបញ្ចប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់នៅក្រុងព្រះសីហនុបានល្អប្រសើររួចរាល់ហើយ ការគ្រប់គ្រង ឆ្នេរសមុទ្រ ក៏បានល្អ។ រីឯសម្បទាទេសចរណ៍ក៏មានគ្រប់គ្រាន់ ដែលអាចរៀបចំពិព័រណ៍ទេសចរណ៍អន្តរជាតិ (Travex) ខ្នាតតូចល្មមបាន។ ម្យ៉ាងវិញទៀត ក្រុងព្រះសីហនុអាចនឹងបញ្ចប់ការវ៉ាក់សាំងជូនប្រជាពលរដ្ឋ (រួមទាំងអ្នកផ្តល់សេវាទេសចរណ៍) ក្នុងពេលខាងមុខ ដែលអាចនឹងផ្ដល់នូវសុវត្ថិភាពដល់អ្នកចូលរួមបាន ហើយអាចរៀបចំជាដំណើរទស្សនកិច្ចរបស់គណៈប្រតិភូទៅកាន់គោលដៅទេសចរណ៍តាមកោះបាន ពិសេសក្រុងព្រះសីហនុ ក៏មានព្រលានយន្តហោះអន្តរជាតិ ដែលអាចនឹងមានការហោះហើរត្រង់ឡើងវិញបាន ផងដែរ។

គួរជម្រាបថា ដើមឡើយ កម្ពុជាត្រូវទទួលធ្វើជាប្រធាន និងជាម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍អាស៊ាននៅឆ្នាំ២០២១ នៅរាជធានីភ្នំពេញ តែដោយសារវិបត្តិជំងឺកូវីដ-១៩ និងដោយសារបានសម្របសម្រួលជាមួយឥណ្ឌូណេស៊ី (ជាប្រធាន និងជាម្ចាស់ផ្ទះបន្តវេនពីកម្ពុជា) កម្ពុជាបានលើកពេលរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២១ (ATF 2021) មករៀបចំនៅដើមឆ្នាំ២០២២ ហើយរាជរដ្ឋាភិបាលក៏បានឯកភាពឲ្យ ក្រសួងទេសចរណ៍សហការជាមួយអន្តរក្រសួង-ស្ថាប័ន រួមគ្នារៀបចំព្រឹត្តិការណ៍នេះនៅព្រះសីហនុ ចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ ខាងមុខនេះវិញ៕