(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប ប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៧១នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយ មានចំនួន ១៧៧នាក់ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

រដ្ឋបាលខេត្តសៀមរាប បានប្រកាសឱ្យដឹងថា ករណីទី១ ជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ក្តី ករណីទី២ ដល់ទី៣ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី ករណីទី៤ ដល់ទី៨ ជាករណីមានប្រភពចម្លងចេញពីផ្សារដំដែក និងករណីទី៩ ដល់ទី៣២ ជាករណីមានប្រភពចម្លងចេញពីផ្សារពួក។

ចំពោះករណីទី៣៣ ដល់ទី៣៧ គឺជាអ្នកដំណើរមកពីខេត្តឧត្តរមានជ័យ និងខេត្តកំពង់ធំ ករណីទី៣៨ ជាករណីមានប្រភពចម្លងបន្តពីអ្នកដំណើរមកពីខេត្តបាត់ដំបង។ ដោយឡែក ករណីទី៣៩ ដល់ទី៧០ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ និងករណីទី៧១ គឺជាប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័ក នៅវិទ្យាល័យសម្តេចឪ។

អ្នកជាសះស្បើយទាំង១៧៧នាក់ ខាងលើ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹត្យការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យ ហ៊ុន សែន វត្តស្វាយ វិទ្យាល័យក្រឡាញ់ វិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសពួក និងវិទ្យាល័យដំដែក ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃទៀត។

មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៧០៩៥នាក់ បានព្យាបាលជាសះស្បើយចំនួន៥៧៣៦នាក់ ស្លាប់៧៥នាក់ និង១២៨៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹត្យការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យ ហ៊ុន សែន វត្តស្វាយ វិទ្យាល័យក្រឡាញ់ វិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសពួក និងវិទ្យាល័យដំដែក។

រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។

ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ៕