(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌព្រែព្នៅ រាជធានីភ្នំពេញ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានឧបត្ថម្ភផ្លែមៀន និងផ្លែតាង៉ែន ១តោន តាមរយៈលោក ឃួង ស្រេង អភិបាល អភិបាលរាជធានីភ្នំពេញ សម្រាប់ចែកជូនដល់គណៈអភិបាល ក្រុមប្រឹក្សា មន្ត្រីសាលាខណ្ឌ អធិការនគរបាលខណ្ឌ កងរាជអាវុធហត្ថខណ្ឌ សាលាសង្កាត់ទាំំង៥ ប្រជាការពារសង្កាត់-ខណ្ឌ ក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ ក្នុងកំឡុងពេលការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

ក្នុងនាមរដ្ឋបាលខណ្ឌព្រែកព្នៅ សូមគោរពជូនពរ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ព្រមទាំង បុត្រា បុត្រី ចៅប្រុស ចៅស្រី សូមសម ប្រកប នូវពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង ឃ្លាតឡើយ។

សូមរំឮកថា កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងភរិយា បានចូលរួមចំណែកជាមួយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួយទិញផ្លែមៀន (តាង៉ែន) ពីប្រជាកសិករចំនួន៣០តោន ដើម្បីចូលរួមដោះស្រាយ ជូនប្រជាកសិករដែលកំពុងជួបបញ្ហាទីផ្សារ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង ប្រមូលទិញផ្លែមៀន និងតាង៉ែន របស់កសិករនៅតាមបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ ដែលជួបប្រទះនូវបញ្ហា ក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដោយសារការឆ្លងរីករាលដាលជំងឺកូវី១៩។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ផ្លែមៀនដែលសម្តេចប្រមូលទិញ ពីកសិករដាំដុះនៅតាមខេត្តជាប់ព្រំដែនថៃ នឹងយកទៅចែកជូនកងទ័ព អាវុធហត្ថ នគរបាល គ្រូពេទ្យ អ្នកជំងឺ និងប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក។

សម្តេចតេជោ បានហៅការប្រមូលទិញមៀនថា ជាវិធីដោះទាល់ក្នុងកាលៈទេសៈដ៏លំបាក កុំឲ្យកសិករក្រីក្រខាតបង់ធ្ងន់ធ្ងរពេក ហើយការទិញនេះ ក៏មិនបានប្រើថវិកាជាតិនោះដែរ។

សម្តេចតេជោ ក៏បានរំលឹកដល់នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង, អភិបាលខេត្តបាត់ដំបង និងអភិបាលខេត្តប៉ៃលិន ត្រូវទិញពីកសិករ គឺសំដៅដល់កសិករ ក្រីក្រ ដែលដាំមៀនដោយផ្ទាល់។ សម្រាប់ចំការមៀនរបស់មន្ត្រី ទាំងស៊ីវិល ទាំងកងកម្លាំងប្រដាប់អាវុធ ឬរបស់ឧកញ៉ា អ្នកឧកញ៉ា ឬអ្នកជំនួញត្រូវរកទីផ្សារ ដោយខ្លួនឯង៕