(ភ្នំពេញ)៖ ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦នេះ លោក Nikolay Nikiforov រដ្ឋមន្ត្រីទូរគមនាគមន៍ និងប្រព័ន្ឋផ្សព្វផ្សាយសហព័ន្ធរុស្ស៊ី បានអះអាងប្រាប់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាថា ភ្ញៀវទេសចររុស្ស៊ីជាច្រើន បានចាប់អារម្មណ៍ខ្លាំងបំផុត ទៅនឹងតំបន់សមុទ្រ ខេត្តព្រះសីហនុ របស់កម្ពុជា។ នេះបើតាមការផ្សព្វផ្សាយនៅលើទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន។

ក្នុងជំនួបនោះ លោក Nikolay បានលើកឡើងថា សហព័ន្ធរុស្ស៊ី កំពុងចាប់អារម្មណ៍ក្នុងការជំរុញ និងពង្រឹងលើផ្នែកវិនិយោគ និងកិច្ចសហប្រតិបត្ដិការលើវិស័យមួយចំនួនថែមទៀត ជាពិសេសវិស័យទេសចរណ៍ ធុរកិច្ច និងសេដ្ឋកិច្ចជាដើម។ លោកថា កាលពីមុន ជនជាតិរុស្ស៊ីរាប់លាននាក់ចូលចិត្ត ទៅសម្រាកលំហែរកាយនៅប្រទេស Turkey និង Egypt តែដោយសារអសន្តិសុខ និងអស្ថិរភាព ទើបរដ្ឋាភិបាលរុស្ស៊ី បានហាមប្រាមមិនឱ្យពលរដ្ឋ គេទៅកំសាន្តនៅទីនោះតទៅទៀត។

លោក Nikolay បានបន្ថែមថា ឥឡូវនេះភ្ញៀវទេសចររុស្ស៊ី បានបង្វិលទិសដៅមកប្រទេសថៃ ដែលជាឱកាសដល់កម្ពុជា ក្នុងការស្រូបយកភ្ញៀវទេសចរមកប្រទេសកម្ពុជា។ រុស្ស៊ីក៏មានបំណងវិនិយោគធំ លើវិស័យទេសចរណ៍ ដែលមានបីប្រទេសចូលរួមគឺ កម្ពុជា រុស្ស៊ី និងចិន ហើយមានការចាប់អារម្មណ៍ ក្នុងការពង្រីកផ្លូវយន្តហោះឱ្យបានធំទូលាយ ដើម្បីទទួលយន្តហោះខ្នាតធំៗ មកពីរុស្ស៊ី ដែលនឹងពិភាក្សាលម្អិតលើកិច្ចសហប្រតិបត្តិការនេះ នៅពេលក្រោយ។ ទេសចររុស្ស៊ី ចាប់អារម្មណ៍ខ្លាំង នៅតំបន់សមុទ្រក្រុងព្រះសីហនុ។

សម្ដេចតេជោហ៊ុន សែន បានចាត់ទុកទំនាក់ទំនងនៃប្រទេសទាំង២ ក្នុងរយៈពេលថ្មីៗនេះគឺមានដំណើរការជឿនលឿនជាសកម្មទៅមុខ។ សម្តេចតេជោ សង្ឃឹមថាកិច្ចប្រជុំអន្ដររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី លើកទី៩ នឹងទទួលផលវិជ្ជមានជាច្រើនថែមទៀត ដែលយើងរំពឹងថា នឹងឈានទៅដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន រវាងប្រទេសទាំង២។ ដើម្បីរិតចំណងមិត្តភាព កម្ពុជា-រុស្ស៊ី ឱ្យកាន់តែល្អរឹងមាំ គឺនឹងមានគម្រោងដាំដើមឈើមិត្តភាព នៅកម្ពុជា និងនៅរុស្ស៊ី ក្នុងកំឡុងពេល សម្តេចតេជោ អញ្ជើញទៅបំពេញទស្សនកិច្ចនៅទីនោះក្នុងខែ ឧសភា ខាងមុខនេះ។

សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យភាគីវិនិយោគទុនរុស្ស៊ី រៀបចំដឹកអ្នកទេសចរណ៌ ពាណិជ្ជករ និងវិនិយោគទុន ព្រមទាំងក្រុមកីឡាបាល់ទាត់ ឬបាល់ទះតាមយន្តហោះមកកម្ពុជា ដើម្បីបង្ហាញពីសក្តានុពលវិនិយោគនៅកម្ពុជាផង និងដើម្បីរិតចំណងមិត្តភាព នៃប្រទេសទាំងពីរផង៕