(មណ្ឌលគិរី)៖ វ៉ាក់សាំងលើកទី៣ ឬហៅថា ដូសជម្រុញ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ត្រូវបានចាក់ជូនដល់កងកម្លាំងនគរបាលខេត្តមណ្ឌលគិរី ដើម្បីបង្កើនប្រសិទ្ធភាពការពារការចម្លងជំងឺកូវីដ-១៩។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ស្នងការនគរបាលខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ដែលប្រព្រឹត្តទៅនៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។

លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ដែលសម្តេច តែងតែគិតគូរពីសុខុមាលភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេសកងកម្លាំងក្នុងការបង្ការ ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

លោកអភិបាលបញ្ជាក់ថា សម្រាប់ខេត្តមណ្ឌលគិរី បន្ទាប់ពីទទួលបានវ៉ាក់សាំងពីរាជរដ្ឋាភិបាលកម្ពុជា រហូតមកដល់ពេលនេះ អាជ្ញាធរខេត្ត រួមទាំងក្រុមគ្រូពេទ្យជួរមុខ បានបន្តចាក់វ៉ាក់សាំងដូសទី៣ ជូនកម្លាំងទាំងបីប្រភេទ និងចាក់ដូសទី១ និងទី២ ជូនបងប្អូនប្រជាពលរដ្ឋតាមមូលដ្ឋាន។

លោកអភិបាលខេត្តណែនាំដល់កងកម្លាំង និងប្រជាពលរដ្ឋទាំងអស់ ដែលមានប្រវត្តិប៉ះពាល់ដោយផ្ទាល់ ឫប្រយោលជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ១៩ សូមរួសរាន់ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតកន្លែងបងប្អូនរស់នៅ ឬរាយការណ៍ជូនទៅអាជ្ញាធរជាបន្ទាន់ ម្យ៉ាងទៀត ក៏សូមឲ្យប្រជាពលរដ្ឋ ដែលទទួលបានវ៉ាក់សាំងទាំងអស់ ត្រូវអនុវត្តតាមការណែនាំរបស់មន្ត្រីសុខាភិបាល ពាក់ព័ន្ធនឹងការតម ជាពិសេសត្រូវចូលរួមអនុវត្តឲ្យបានខ្ជប់ខ្ជួននូវវិធានការ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។

លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរីបានឲ្យដឹងថា ដោយគោរពតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលតែងតែយកចិត្តទុកដាក់ដល់កងកម្លាំងនគរបាលនៅទូទាំងប្រទេស ដើម្បីសុខុមាលភាពរបស់គ្រួសារកងកម្លាំងនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានផ្តល់វ៉ាក់សាំងដល់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី សម្រាប់ចាក់ជូនកងកម្លាំងនគរបាលទាំងអស់។

លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បន្តថា ដោយមានការសហការរវាងក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាល នៅស្នងការដ្ឋាននគរបាលខេត្ត បានរៀបចំយកសំណាកដល់កងកម្លាំងនគរបាល និងកងកម្លាំងនគរបាលការពារព្រំដែនទាំងអស់ មុនទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។

លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត បញ្ជាក់ថា ក្នុងការផ្តល់ជូននូវវ៉ាក់សាំងដូសទី៣ដល់កម្លាំងនគរបាល សរុបចំនួន ៩១០នាក់ បានទទួលការចាក់វ៉ាក់សាំងប្រភេទអាស្ត្រាហ្សេនីកា រួចរាល់១០០%។

នាឱកាសនោះ ថ្នាក់ដឹកនាំខេត្ត បានឧបត្ថម្ភថវិកាចំនួន ៤លានរៀល និងសម្ភារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជូនដល់ស្នងការនគរបាលខេត្ត សម្រាបចាត់ចែងក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣នេះ៕