(ព្រៃវែង)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១នេះ បានបន្ដនាំយកថវិការបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ទៅប្រគល់ជូនលោកតា លោកយាយ អាយុ១០០ឆ្នាំឡើង ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទទួលបានថវិកាចំនួន ៣លានរៀល និងសម្ភារជាគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត។

ក្នុងឱកាសនោះ ក៏មានការចូលរួមពី លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា និងលោកវេជ្ជបណ្ឌិត សេង បញ្ញាឫទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង ផងដែរ។

លោកតា និងលោកយាយ ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំង ហើយទទួលបានអំណោយពីសម្ដេចតេជោ ហ៊ុន សែន នាឱកាសនេះរួមមាន៖

* ទី១៖ លោកតា ហេង វេង អាយុ១០១ឆ្នាំ រស់នៅភូមិសំបួរ ឃុំអង្គរសរ ស្រុកមេសាង ខេត្តព្រៃវែង
* ទី២៖ លោកតា ម៉ៅ ជិន អាយុ១០០ឆ្នាំ រស់នៅភូមិសំបួរ ឃុំអង្គរសរ ស្រុកមេសាង ខេត្តព្រៃវែង
* ទី៣៖ លោកយាយ សៀវ ជូ អាយុ១០០ឆ្នាំ រស់នៅភូមិថ្មីក្រៅ ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង
* ទី៤៖ លោកតា នៅ ឯក អាយុ១០០ឆ្នាំ រស់នៅភូមិកោះពាមរាំង ឃុំកោះជ័យ ស្រុកពាមជរ ខេត្តព្រៃវែង
* ទី៥៖ លោកតា ហួត ជួប អាយុ១០០ឆ្នាំ រស់នៅភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង។

ថ្លែងក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនលោកតា លោកយាយ ព្រមទាំងបានជម្រាបសាកសួរអំពីស្ថានភាពសុខភាពរបស់គាត់ ក្រោយពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ផងដែរ។

លោកតា និងលោកយាយ ដែលបានចាក់វ៉ាក់សាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលអនុញ្ញាតឲ្យគាត់បានចាក់វ៉ាក់សាំង និងបានផ្ដល់អំណោយជូនរូបគាត់នៅឱកាសនេះ។ ជាការកត់សម្គាល់ចំពោះស្ថានភាពសុខភាពរបស់លោកតា លោកយាយ បន្ទាប់ពីទទួលបាននូវការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺមានសភាពល្អប្រសើរ មិនមានអ្វីប្រែប្រួលនោះទេ។

សូមជម្រាបថា នៅទូទាំងខេត្តព្រៃវែង មានប្រជាពលរដ្ឋប្រមាណ៦០ម៉ឺននាក់ហើយ ដែលបានចាក់នូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស្មើនឹង៩០ភាគរយ នៃប្រជាពលរដ្ឋដែលមានអាយុពេញវ័យចាប់ពី១៨ឆ្នាំឡើង។ នេះបើតាមការឲ្យដឹងពី លោកវេជ្ជបណ្ឌិត សេង បញ្ញាឫទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង៕