(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអាទិត្យនេះបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ រហូតដល់ ១១,៣៥២ករណីបន្ថែមទៀត ដែលជាតួលេខឆ្លងប្រចាំថ្ងៃដ៏ខ្ពស់បំផុតមិនធ្លាប់មាន សម្រាប់ប្រទេសអាស៊ានមួយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃអាទិត្យ ទី២២ ខែសីហា ឆ្នាំ២០២១។

ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មានតែ០៦ករណីប៉ុណ្ណោះជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងថ្មីតែឯងរហូតដល់ ៤,១៩៣នាក់។

នៅក្នុងថ្ងៃអាទិត្យនេះដែរ ក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន ៧៣៧នាក់ទៀតផងដែរ ដោយបូកបញ្ចូលទាំងករណីស្លាប់កាលពីថ្ងៃសៅរ៍ម្សិលមិញ ដែលមិនទាន់បានរាយការណ៍។

សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៣៤៨,០៥៩នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១៤៧,៦៦៧នាក់ ខណៈចំនួនអ្នកស្លាប់ ៨,២៧៧នាក់៕