(ភ្នំពេញ)៖ យោងតាមរបាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា នៅឆ្នាំ២០១៥ កន្លងទៅនេះ ខ្លួនទទួលបានថវិកាជាង ៧៤លានដុល្លារ ពីម្ចាស់ជំនួយនានា ដើម្បីពង្រឹងវិស័យអប់រំនៅកម្ពុជា ក្នុងនោះប្រទេសជប៉ុនបានឈានមុខគេ ក្នុងការផ្តល់ជំនួយនេះ ដែលមានទឹកប្រាក់ជិត ១០លានដុល្លារ។

យោងតាមរបាយការណ៍របស់ក្រសួងអប់រំ ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ម្ចាស់ជំនួយធំជាងគេចំនួន ៩រួមមាន៖ ជប៉ុន, អង្គការស្បៀងអាហារពិភពលោក, សហភាពអឺរ៉ុប, ប្រទេសស៊ុយអែត, សហរដ្ឋអាមេរិក, អង្គការយូនីសែហ្វ, ធនាគារអភិវឌ្ឍអាស៊ី, សាធារណរដ្ឋកូរ៉េ និងធនាគារពិភពលោក។

ក្នុងរបាយការណ៍នេះក្រសួងអប់រំ ក៏បានឲ្យដឹងផងដែរថា នៅឆ្នាំ២០១៦នេះ ប្រទេសជាម្ចាស់ជំនួយបានផ្តល់ជំនួយលើវិស័យអប់រំ កើនដល់ជាង១០០លានដុល្លារអាមេរិក៕