(នីការ៉ាហ្គ័រ)៖ រដ្ឋាភិបាលនៃប្រទេសនីការ៉ាហ្គ័រ បានបញ្ជាក់ឲ្យដឹងជាផ្លូវការ នៅព្រឹកអង្គារនេះថា ករណីឆ្លងមេរោគ Zika បាន​កើនឡើងដល់ ១២៩ករណី បន្ទាប់ពីរកឃើញអ្នកឆ្លងថ្មី​ចំនួន៣នាក់បន្ថែមទៀត នេះបើយោងតាមការចេញផ្សាយរបស់​សារព័ត៌មានស៊ិនហួចេញផ្សាយ នៅថ្ងៃទី២៩ ខែមីនា។

លោក Rosario Murillo អ្នកនាំពាក្យ​របស់រដ្ឋាភិបាលបានឲ្យដឹងថា​ ក្នុងចំណោមអ្នកឆ្លងមេរោគ Zika ទាំងអស់មាន១៤នាក់ ជាស្ត្រីមានផ្ទៃពោះ និងកំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដោយក្នុងនោះមានស្ត្រីមួយចំនួន កំពុងស្ថិតក្នុងស្ថានភាព ល្អប្រសើរ។

យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក បានឲ្យដឹងថាគិតត្រឹមថ្ងៃទី២៧ ខែមីនាកន្លងទៅនេះករណីឆ្លង​មេរោគ Zika បានកើនឡើងដល់ ១,១២៧ករណី។

គួរបញ្ជាក់ផងដែរថា វីរុស Zika ត្រូវ​បាន​រក​ឃើញ​លើក​ដំបូង នៅ​លើ​សត្វ​ស្វា​នៅ​ក្នុង​ឆ្នាំ​១៩៤៧ នៅ​ក្នុង​ប្រទេស​អ៊ូហ្គង់​ដា​ស្ថិត​ក្នុង​ទ្វីប​អាហ្រ្វិក​ ហើយ​នៅ​ឆ្នាំ​១៩៥២ ជំងឺ​នេះ បាន​ឆ្លង​ជា​លើក​ដំបូង​មក​មនុស្ស​ តាម​រយៈ​មូស​ខ្លា​ខាំ និង​បាន​រីក​រាល​ដាល​នៅ​តំបន់​អាហ្រ្វិក​ និង​កោះ​មួយ​ចំនួន​នៅ​តំបន់​ប៉ាស៊ីហ្វិក​។ អ្នក​ដែល​ឆ្លង​មេរោគ​នេះ នឹង​មាន​អាការៈ ​ក្ដៅ​ខ្លួនឈឺ​ក្បាល ឡើង​រមាស់ ឈឺ​សន្លាក់ និង​ភ្នែក​ឡើង​ក្រហម​ ពោល​គឺ​មានអាការៈ​ និង​រោគ​សញ្ញា ដូច​គ្នា​នឹងជំងឺ​គ្រុន​ឈាម​ដែរ​៕

Advertising