(ភ្នំពេញ)៖ បណ្ឌិត សុក ស៊ីផាន់ណា ប្រធាននៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានលើកឡើងនូវកត្តាចំនួន២ ដែលអាចជួយឲ្យសហគ្រិនកម្ពុជា អាចស្តារនូវអាជីវកម្មរបស់ខ្លួនឡើងវិញ បន្ទាប់ពីវិបត្តិកូវីដ១៩ ស្រាកស្រាន្តដោយសារវិធានការបន្ទាន់របស់រាជរដ្ឋាភិបាល។

កត្តាចំនួន២នោះរួមមាន៖ ទី១-ច្បាប់វិនិយោគថ្មី ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា អនុម័តកាលពីពេលថ្មីៗនេះ កំពុងដំណើរការពិនិត្យ និងអនុម័នរដ្ឋសភាកម្ពុជា ក្នុងពេលដ៏ខ្លីខាងមុខនេះ និងទី២-កិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប-RCEP) ដែលត្រូវបានចុះហត្ថលេខារួចហើយ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០។

កាលើកឡើងរបស់លោក សុក ស៊ីផាន់ណា ក្នុងកិច្ចពិភាក្សាពិសេសស្ដីពី «មគ្គុទេសក៍ស្ដារអាជីវកម្មក្នុងបរិបទកូវីដ១៩ ពីទស្សនៈវិស័យឯកជន» ដែលរៀបចំឡើងដោយសមាគមសហគ្រិនវ័យក្មេង នាពេលថ្មីៗកន្លងទៅនេះ។

លោកបណ្ឌិតនិយាយថា ច្បាប់វិនិយោគថ្មី ដែលនឹងត្រូវចូលជាធរមាន ប្រហែលជា៣ខែខាងមុខ ជាច្បាប់វិនិយោគដ៏ល្អ បង្កលក្ខណៈងាយស្រួលជាច្រើន និងផ្ដល់ភាពកក់ក្ដៅ ដល់អ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុក។

ដោយឡែកចំពោះកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប-RCEP) ត្រូវបានលោក សុក ស៊ីផាន់ណា លើកឡើងថា អាចនឹងផ្ដល់លទ្ធភាពឲ្យបានច្រើនដល់សហគ្រិនកម្ពុជា ប្រសិនបើយល់ច្បាស់ពីកិច្ចព្រមព្រៀងនេះ ដែលអាចនឹងបង្កើតឲ្យមានដៃគូសហការ ជាមួយបណ្តាប្រទេសជាច្រើន ដែលជាសមាជិករបស់ អាសិប-RCEP ទាំង១៥ប្រទេស។

កិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប-RCEP) មានសមាជិកដូចជា ប្រទេសជាសមាជិកអាស៊នចំនួន១០ និងប្រទេសជាដៃគូពាណិជ្ជកម្មសំខាន់ៗ ចំនួន៥ រួមមាន ចិន ជប៉ុន កូរ៉េ នូវែលហ្សេទ្បង់ និងអូស្រ្តាលី។ ខណៈឥណ្ឌា ក៏មានបំណងចូលរួមជាមួយ អាសិប-RCEP ផងដែរ។

កិច្ចព្រមព្រៀង RCEP ត្រូវបានផ្តួចផ្តើមឡើងនៅខែវិច្ឆិកា ឆ្នាំ២០១២ នារាជធានីភ្នំពេញ ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន។ កិច្ចព្រមព្រៀងនេះ បង្កើតឡើងសំដៅជំរុញពាណិជ្ជកម្មរវាងប្រទេសសមាជិកអាស៊ាន និងប្រទេសដៃគូក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

កិច្ចព្រមព្រៀងអាសិប បង្កើតបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដ៏ធំបំផុតក្នុងពិភពលោក ដែលគ្របដណ្តប់លើ៖ (១) ប្រជាជនប្រមាណ២.២ពាន់លាននាក់ ឬ៣០% នៃចំនួនប្រជាជនពិភពលោក (២) ផលិតផលក្នុងស្រុកសរុបប្រមាណ ២៦.២ទ្រីលានដុល្លារអាមេរិក ឬ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និង (៣) ទំហំពាណិជ្ជកម្មចំនួនប្រមាណ ២៨% នៃ ទំហំ ពាណិជ្ជកម្មពិភពលោកទាំងមូល (ផ្អែកលើទិន្នន័យឆ្នាំ២០១៩)៕