(ភ្នំពេញ)៖ ប្រពៃណីសែនក្បាលទឹក គឺជាកិច្ចពិធីបុណ្យដ៏ធំមួយ បន្ទាប់ពីបុណ្យចូលឆ្នំា ដែលកុលបុត្រកុលធីតាចិន ឬខ្មែរជាប់ខ្សែស្រទ្បាយចិនតែងតែប្រារព្វនៅថ្ងៃទី១៥ កើតខែស្រាពណ៍ ត្រូវនឹងខែកក្ដដា ឬសីហា ទៅតាមប្រតិទិនចន្ទគតិចិនដើម្បីឧទ្ធិសដល់បុព្វការីជន កុងម៉ា ជីដូនជីតាដែលបានចែកឋានទៅ។

តើប្រពៃណីសែនក្បាលទឹក បានបង្ហាញអំពីគុណតម្លៃដល់កុលបុត្រកុលធីតាចិនយ៉ាងណា ?

អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថាចំពោះប្រពៃណីសែនក្បាលទឹក ដែលកុលបុត្រកុលធីតាចិន ឬខ្មែរជាប់ខ្សែស្រទ្បាយចិន តែងប្រារព្វនៅថ្ងៃទី១៥កើតខែស្រាពណ៍ ត្រូវនឹងខែកក្ដដា ឬសីហា ទៅតាមប្រតិទិនចន្ទគតិចិននេះ គឺជាកិច្ចពិធីរំឭកដឹងគុណដល់បុព្វការីជន កុងម៉ា ជីដូនជីតាម្ចាស់ទឹកម្ចាស់ដី មិនខុសពីប្រពៃណីបុណ្យភ្ជុំបិណ្ឌ និងបោះបាយបិណ្ឌរបស់ខ្មែរយើងនោះទេ។

ពីព្រោះកិច្ចពិធីនេះរណ្ដាប់សែនព្រេនគេ អាច សែន ជាពីរពេលគឺ៖
- ពេល ថ្ងៃ គឺកិច្ចពិធីសែន ដល់ បុព្វការីជន កុងម៉ា ជីដូន ជីតាដែលមានជើងធូបនៅក្នុងផ្ទះ ដោយខុសពីកិច្ចពិធីសែនឆេងម៉េងឬសែនផ្នូរ ដែលគេសែននៅទីបញ្ចុះសពផ្ទាល់។
- ពេល ល្ងាច គឺ កិច្ចពិធីសែននៅមុខផ្ទះដើម្បីឧទិ្ទសដល់ ខ្មោច អនាថា ឬខ្មោចព្រៃដែល គ្មាន ញាតិ គ្មាន ផ្ទះសម្បែង ឬ រក ផ្ទះ ញាតិ មិត្ដមិនឃើញ។
បើផ្ទះក្បែរស្ទឹងឬទន្លេ គឺការរៀបចំសែននៅតាមមាត់ កំពង់តែម្ដង។ ពីព្រោះគេជឿថា «ព្រលឹងខ្មោចទាំងនោះទទួលយកតែរបស់នៅពីមុខផ្ទះឬលើដី» គឺមិនខុសពីកិច្ចពិធីបោះបាយបិណ្ឌខ្មែរយើងនោះទេ គ្រាន់តែកិច្ចពិធីបោះបាយបិណ្ឌប្រព្រឹត្ដទៅនៅតាមទីវត្ដអារ៉ាមវេលាម៉ោង៤ទៀបភ្លឺតែប៉ុណ្ណោះ។

លោក រត្ន័ សណ្ដាប់ បន្ដថាបើនិយាយអំពីប្រវត្ដិសែនក្បាលទឹកនេះទៀតសោត គឺជាប្រពៃណីរបស់ជនជាតិចិនតំាងពីបុរាណរៀងមក ដើម្បីឧទ្ទិសដល់ខ្មោចដែលវិលវល់មិនប្រត្រតី ឬមិនតាមគន្លងធម៌ឲ្យទៅតាមគន្លងធម៌។ ពីព្រោះគេជឿថាក្នុងកិច្ចនេះគឺជាថ្ងៃដែលទ្វារនរកត្រូវបើកនឹងបិត ដើម្បីអនុញ្ញាតឲ្យខ្មោចស្វែងរកសាច់ញាត្ដិបងប្អូនបានទទួលនូវម្ហូបអាហារដើម្បីទទួលនូវសិរីមង្គលទំាងខ្មោចនិងអ្នកនៅរស់ តែបើរកពុំឃើញទេនឹងបន្ដទទួលរងនូវបាបកម្មការស្រេកឃ្លានបន្ដទៀត។

ទន្ទឹមនឹងនេះប្រពៃណីនេះបានផ្សារភ្ជាប់ទៅនឹងសាសនាតាវ ដោយបានរៀបរាប់អំពីព្រះសង្ឃ មូលៀន-Mulian បានជួយសង្រ្គោះម្ដាយក្រោយពីម្តាយបានស្លាប់ ត្រូវទទួលរងនូវការស្រេកឃ្លានយ៉ាងខ្លាំងហើយបន្ទាប់មកព្រះសម្មាសម្ពុទ្ធទ្រង់មានពុទ្ធីកាឲ្យមូលៀន យកចង្ហាន់ទៅប្រគេនដល់ព្រះសង្ឃ ទើបបានធ្វើឲ្យម្ដាយបានរួចផុតពីបាបកម្មទំាងនេះ គឺមិនខុសពីប្រវត្ដិបុណ្យភ្ជុំបិណ្ឌនិងបោះបាយបិណ្ឌ របស់ខ្មែរយើងដោយរៀបរាប់អំពីព្រះបាទពិម្ពិសារដែលមានសាច់ញាតិមួយក្រុម បានបំពេញទានមិនបរិសុទ្ធនំាឲ្យកើតជា"ប្រេត"ដោយត្រូវទទួលរងនូវបាបកម្មស្រេកឃ្លានយ៉ាងខ្លំាង។

លោក រត្ន័ សណ្ដាប់ សង្កត់ធ្ងន់ថាចំពោះប្រព័ន្ធជំនឿចិនពាក្យថា «ខ្មោចឃ្លាន» មានអត្ថន័យអវិជ្ជមានឬធ្វើឲ្យភាពអាម៉ាស់យ៉ាងធ្ងន់ធ្ងរបំផុតដល់ពូជពង្សវង្សត្រកូលរបស់ខ្លួន ។ ស្ថិតត្រង់ចំណុចនេះគ្មាននរណាម្នាក់ចង់ធ្វើឲ្យវិញ្ញាណបុព្វបុរស កុងម៉ា ជីដូនជីតារបស់ខ្លួនត្រូវវង្វេងវង្វាន់ជាមួយនឹងពាក្យប្រមាថបែបនេះទ្បើយ។
បើដូច្នេះចំពោះប្រពៃណីសែនក្បាលទឹក បានបង្ហាញអំពីគុណតម្លៃដល់កុលបុត្រកុលធីតាចិន គឺការគោរពដឹងគុណនិងសប្បុរសធម៌ ដោយគុណធម៌ទាំងពីរនេះមានតម្លៃយ៉ាងខ្លាំងក្នុងចំណោមជនជាតិចិននៅទូទាំងពិភពលោក៕