(សៀមរាប)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល អមដំណើរដោយមន្រ្តីជំនាញពាក់ព័ន្ធ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១នេះ បានចុះទៅពិនិត្យមើលកន្លែងដាក់ព្យាបាលអ្នកជំងឺកូវីដកម្រិតធ្ងន់ ដែលមានទីតាំងនៅអង្គរកូអ៉ីច ខេត្តសៀមរាប។ បន្ទាប់មកលោក ក៏បានទៅពិនិត្យមើលមន្ទីរពិសោធន៍តេស្តរកមេរោគកូវីដ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបផងដែរ។

លោករដ្ឋមន្ត្រីថា កន្លែងដាក់ព្យាបាលអ្នកជំងឺកម្រិតធ្ងន់ ដែលមានទីតាំងនៅអង្គរកូអ៉ិច គឺកន្លែងព្យាបាលអ្នកជំងឺកម្រិតធ្ងន់ថ្នាក់តំបន់ ដែលអាចដាក់អ្នកជំងឺបានប្រមាណ ៤០០គ្រែ ជាអ្នកជំងឺធ្ងន់ត្រូវប្រើអុកស៉ីសែន។ ហើយកន្លែងនេះ នឹងដាក់ឱ្យដំណើរការឆាប់នេះ ដោយក្រុមការងារកំពុងតែមមាញឹកក្នុងការរៀបចំ។

ដោយឡែកសម្រាប់មន្ទីរពិសោធន៍តេស្តរកមេរោគកូវិដ១៩ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលទើបសាងសង់រួចឥឡូវនេះ បានចាប់ផ្តើមដំណើរការហើយ ដោយក្នុង១ថ្ងៃ អាចធ្វើតេស្តបានប្រមាណពី ៩០០ ទៅ ១០០០នាក់។

លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការការពារកូវីដ១៩ ឱ្យបានខ្ពស់បន្ថែមទៀត ជាពិសេសពេលចេញក្រៅ ទៅផ្សារ ឬទៅធ្វើការងាររកស៉ី ត្រូវពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ និងសាងសំអាតដៃឱ្យជាប់ជានិច្ច៕