(ប៉ៃលិន)៖ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន រួមជាមួយអ្នកតំណាងរាស្ត្រ បានដឹកនាំមន្ទីរជំនាញ ចុះអន្តរាគមន៍បើកទំនប់ទឹក ក្រោយប្រជាពលរដ្ឋមួយចំនួនតូចខ្វះការយល់ដឹង ហើយបាននាំគ្នាបិទខ្ទប់ទុកសម្រាប់បង្ហូរចូលតែស្រែរបស់ខ្លួន ដែលបញ្ហានេះតែងតែកើតមានឡើងជាច្រើនឆ្នាំ និងមានការឈ្លោះទាស់ទែងពាក្យសម្តីគ្នារហូតមកដល់ពេលនេះ ស្ថិតនៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

នៅក្នុងកិច្ចចុះពិនិត្យដីស្រែ និងប្រព័ន្ធប្រឡាយរបស់ប្រជាពលរដ្ឋខាងលើនេះ, អភិបាលខេត្តប៉ៃលិន បានចាត់ឲ្យមន្ត្រីចុះបើកផ្លូវទឹក ដែលបានបិទខ្ទប់ដើម្បីបង្ហូរចូលស្រែតែបុគ្គលរៀងខ្លួន ដោយមិនបានគិតដល់ប្រយោជន៍រួម។ លោកស្រី បានអំពាវនាវដល់កសិករទាំងអស់ ដែលមានដីស្រែនៅជាប់នឹងមាត់ប្រឡាយទឹក មិនត្រូវគិតតែពីផលប្រយោជន៍បុគ្គលឡើយ គឺត្រូវគិតពីផលប្រយោជន៍រួម ពោលគឺមិនត្រូវធ្វើទំនប់ ទប់ទឹកប្រឡាយសម្រាប់បង្ហូរចូល ដីស្រែរបស់ខ្លួនតែម្នាក់ឯងនោះឡើយ គឺត្រូវបង្ហូរចែកចាយដល់ប្រជាកសិករ ដែលមានដីស្រែនៅផ្នែកខាងក្រោយ និងខាងក្រោមៗផងដែរ។

ម្យ៉ាងវិញទៀត បើសិនជាមាន បងប្អូនប្រជាពលរដ្ឋណាម្នាក់នៅតែលួចទប់ទឹកសម្រាប់ស្រែរបស់ខ្លួនតែបុគ្គលម្នាក់ឯង មិនដោយមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ នឹងត្រូវអនុវត្តន៍តាមផ្លូវច្បាប់ ដោយគ្មានករណីលើកលែងនោះឡើយ។

ជាមួយគ្នានេះដែរ ក្រោយពីមានការសំណូមពរពីប្រជាកសិករ ដែលមានដីស្រែខាងក្រោមៗ ដែលខ្វះប្រព័ន្ធទឹកទៅដល់, លោកស្រី បានចាត់ឲ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ចុះទៅជីកកកាយប្រឡាយទឹកបន្ថែមទៀត និងបានសំណូមពរដល់អ្នកដែលមានដីស្រែត្រូវចំកន្លែងជីកកាយប្រឡាយ សូមឱ្យមានកិច្ចសហការ និងយោគយល់អាធ្យាស្រ័យ ដើម្បីប្រយោជន៍រួមទាំងអស់គ្នា។

ចំណែកប្រជាកសិករ លោកតា លោកយាយ ដែលមានដីស្រែខ្វះខាតទឹកកន្លងមក មានចិត្តសប្បាយរីករាយយ៉ាងខ្លាំង ខណ:ដែលលោកស្រីអភិបាលខេត្ត បានចុះពិនិត្យ និងដោះស្រាយបញ្ហាផ្ទាល់ដែលអូនបន្លាយជាច្រើនឆ្នាំកន្លងមក ត្រូវដោះស្រាយបញ្ចប់ និងបានទាន់ពេលវេលា ធ្វើឱ្យដំណាំស្រូវរស់ឡើងវិញ៕