(កំពង់ចាម)៖ ផ្ទះថ្មី១ខ្នង ជាអំណោយរបស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រគល់ជូនលោកយាយ ឌឿ ម៉េត អាយុ៧៣ឆ្នាំ ដែលធ្លាប់ស្នាក់នៅក្នុង ខ្ទមចាស់ទ្រុឌទ្រោម ជាមួយកូនស្រីមេម៉ាយម្នាក់ និងចៅស្រីប្រុស ២នាក់ ស្ថិតនៅក្នុងភូមិរមូល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ពិធីប្រគល់ផ្ទះថ្មី១ខ្នងនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ក្រោមអធិបតីភាព លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និមានការចូលរួមពីលោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងសហការីជាច្រើនទៀត។

បើតាមលោក ទូច ឆៃ នាយកប្រតិបត្តិសាខាកាកបាទក្រហម ខេត្តកំពង់ចាម បានឱ្យដឹងថា ផ្ទះថ្មីនេះ ចំណាយថវិកាអស់ចំនួន ៨,៤៧២ដុល្លារ មានទំហំ៥ម៉ែត្រ គុណ៧ម៉ែត្រ ធ្វើពីឈើខ្ពស់ផុតពីដី ដំបូលប្រក់ស័ង្កសីភ្លីធំ ជញ្ជាំងស្មាបត, ជណ្តើរថ្ម, ក្រាលរនាបឫស្សី មានបន្ទប់ដេក១, មានប្រព័ន្ធអគ្គិសនី ដើរដោយថាមពលព្រះអាទិត្យ (សូឡា)។

ស្ថិតក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះលោកយាយ ឌឿ ម៉េត ដោយក្តីនឹករលឹក និងអាណិតអាសូរបំផុត។

លោកស្រីបានបញ្ជាក់ថា ជានិច្ចកាលសម្តេចលោកតែងខ្វាយខ្វល៎គិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ជនរងគ្រោះ និងជនងាយរងគ្រោះ ដោយមិនរើសអើង ហើយបានដោះស្រាយទុក្ខលំបាកបានទាន់ពេលវេលា តាមទិសស្លោក «ទីណាមានការលំបាក ទីនោះកាមកាកបាទក្រហមកម្ពុជា»

ជាមួយគ្នានោះដែរ លោកយាយ ឌឿ ម៉េត បានសម្តែងទឹកចិត្តរំភើបឥតឧបមា ហើយសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះកាកបាទក្រហមកម្ពុជា ដែលបានសាងសង់ផ្ទះ សម្រាប់គាត់ និងគ្រួសារស្នាក់នៅយ៉ាងសមរម្យ ហើយក៏មិននឹកស្មានដល់ថា មានភ័ព្វសំណាងដូចថ្ងៃនេះទេ និងសូមគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុន សែន សូមសម្តេចទាំងទ្វេ មានសុខភាពល្អ ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំប្រទេសជាតិ និងនៅជាម្លប់ដ៏កក់ក្តៅដល់ប្រជាជនកម្ពុជាតរៀងទៅ។

សូមបញ្ជាក់ថា សម្ភារមនុស្សធម៌ ដែលផ្តល់ជូន លោកយាយឌឿ ម៉េត សម្រាប់ឡើងផ្ទះថ្មីនេះ រួមមាន៖ អង្ករ៥០គីឡូក្រាម, មី ២កេស, ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប, ទឹកស៊ីអ៊ីវ ១២ដប, ឃីត២សម្រាប់, ម៉ាស់ ២ប្រអប់, អាវយឺត១៦, សម្ភារផ្ទះបាយ ២សម្រាប់, ធុងទឹកធំ១, ចង្ក្រាន២, ធ្យូង៥គីឡូក្រាម និងអុស១បាច់។

ដោយឡែកលោកយាយ និងលោកតា ចំនួន២១នាក់ ដែលបានចូលរួមក្នុងឱកាសនោះក្នុងម្នាក់ៗទទួលបាន៖ អង្ករ២៥គីឡូក្រាម, មី ១កេស, ត្រីខ១០កំប៉ុង, ទឹកត្រី ៦ដប, ទឹកស៊ីអ៊ីវ ៦ដប, ម៉ាស់ ១ប្រអប់ និងថវិកា២០,០០០រៀលផងដែរ៕