(ភ្នំពេញ)៖ លោកយាយ សំ រី អតីតទាហានសម័យខ្មែរក្រហម ដែលមានអាយុ៨៣ឆ្នាំ បច្ចុប្បន្ននេះ លោកយាយខំត្រដររស់ដោយប្រកបរបរលក់លៀសហាល ដើម្បីចិញ្ចឹមជីវិត បានទទួលអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនពីសប្បុរសជន ដែលបានផ្ដល់ជូនតាមរយៈភ្នាក់ងារព័ត៌មានព័ត៌មាន Fresh News ដើម្បីជួយសម្រាលដល់ទុក្ខលំបាករបស់លោកយាយ។

អំណោយខាងលើនេះ រួមមាន៖ អង្ករ១បាវ ទឹកដោះគោ មីសួ មី ទឹកសុទ្ធ ទឹកផ្លែឈើ និងថវិកាចំនួន ១លានរៀល ដែលអំណោយនេះគឺជាការចំណាយនូវធនធានផ្ទាល់ខ្លួនរបស់លោក ហេង ឡាលីន និងភរិយា។ ចំណែកអ្នកស្រី ងិន សូវីរីយ៉ា មន្ត្រីនគរបាលចោមចៅទី១ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ក៏បានជួយឧបត្ថម្ភដល់លោកយាយចំនួន ៤ម៉ឺនរៀល ផងដែរ។

លោក គ្រួច វណ្ណា ភ្នាក់ងារអង្គភាពព័ត៌មាន Fresh News បាននាំយកអំណោយខាងលើនោះ ទៅប្រគល់ជូនលោកយាយ សំ រី ដល់បន្ទប់ជួលរបស់លោកយាយកំពុងស្នាក់នៅនាភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ។

លោកយាយ សំ រី ពុំបានចេញទៅលក់លៀសហាលនោះទេ ព្រោះតែម្សិលមិញលក់អត់អស់ត្រូវចាក់ចោលធ្វើឱ្យខាតដើមម្យ៉ាងសុខភាពលោកយាយពុំសូវល្អផង។ នៅក្នុងពេលនោះលោកយាយក៏បានត្រេកអររំភើប រហូតដល់ស្រក់ទឹកភ្នែកព្រោះពុំនឹកស្មានដល់ថា មានអ្នកជួយដល់លោកយាយបែបនេះសោះ លោកយាយក៏បានថ្លែងអំណរគុណដល់យ៉ាងខ្លាំងដល់សប្បុរសជនខាងលើដែលបានជួយដល់លោកយាយ។

ម្ចាស់អំណោយខាងលើ ក៏បានប្រាប់ឱ្យដឹងផងដែរថា ក្រោយពេលទទួលបាននូវព័ត៌មានដែលបានចុះផ្សាយពីលោកយាយកំសត់ម្នាក់នេះ បានធ្វើឱ្យពួកគាត់មានការអាណិតអាសូរយ៉ាងខ្លាំង។ ពួកគាត់នឹកឃើញថា ម្ដាយគេម្ដាយយើងកាលបើរស់នៅក្នុងភាពទុរគត៌ឯកោបែបនេះ ពិតជាជួបការលំបាកខ្លាំងណាស់ ដូច្នេះ ទើបលោក លោកស្រីទាំងអស់គ្នាចំណាយនូវធនធានមួយចំនួនជួយដល់លោកយាយ គ្រាន់បានជួយដោះបន្ទុកគាត់បានខ្លះដែរ។

លោកយាយ សំ រី គ្មានកូនចៅ សាច់ញាតិ បងប្អូននិងគេទេ លោកយាយមានស្រុកកំណើតនៅទីរួមខេត្តមណ្ឌលគីរី។

ប៉ុន្តែសព្វថ្ងៃរស់នៅតែម្នាក់ឯងនៅក្នុងផ្ទះជួលមួយកន្លែង ភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យប្រកបរបរលក់លៀសហាលចិញ្ចឹមជីវិតទាំងខ្លួនពិការគមខ្នងថែមទៀតផង។ ប្ដី និងកូនៗ របស់លោកយាយចំនួន៥នាក់ ត្រូវបានពួកខ្មែរក្រហមកាប់សម្លាប់អស់ហើយ ធ្វើឱ្យលោកយាយរស់នៅតែម្នាក់ឯងរហូតមកដល់ពេលបច្ចុប្បន្ន និងប្រកបរបរលក់លៀសហាល។

ចំណែកការលក់លៀសហាលនេះថ្ងៃខ្លះលក់ដាច់ និងថ្ងៃខ្លះទៀតលក់ពុំដាច់ឡើយ។ ដែលក្នុងពេលថ្មីៗនេះបានបង្ខំចិត្តឱ្យលោកយាយដាច់ចិត្តលើកដៃសំពះសុំការសណ្ដោសប្រណីពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិយ ប៊ុន រ៉ានី ហ៊ុន សែន មេត្តាជួយដល់លោកយាយថែមទៀតផង៕