(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ និងលោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៤ បានដឹកនាំកម្លាំងអន្តរាគមន៍ ចុះជួយរុះរើធ្វើផ្ទះប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន១៧ខ្នង ស្ថិតនៅភូមិផ្គាំ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ផ្ទះប្រជាពលរដ្ឋទាំងនេះ បានរងគ្រោះដោយសារមានភ្លៀងធ្លាក់ និងលាយឡំដោយខ្យល់កន្រ្តាក់ជាបន្តបន្ទាប់បានបណ្តាលឱ្យខូចខាតផ្ទះ និងសម្ភារមួយចំនួន។ ដើម្បីជួយសម្រួលទុក្ខលំបាកនេះ កងកម្លាំងរួមជាមួយអាជ្ញាធរមូលដ្ឋាន បានរួមគ្នាខិតខំជួយកសាង និងជួសជុលឡើងវិញ។

ក្នុងឱកាសនោះដែរ លោកមេបញ្ជាការ បានជម្រាបជូនថា ស្ថិតនៅក្នុងស្ថានភាពជំងឺកូវីដ១៩ ប្រជាពលរដ្ឋមួយចំនួនពិតជាជួបការលំបាកដែលត្រូវការអាជ្ញាធរមូលដ្ឋាន និងកម្លាំងប្រដាប់អាវុធ រួមគ្នាជួយដោះស្រាយបញ្ហាជូនតាមលទ្ធភាពជាក់ស្ដែង។

សូមបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់, លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានផ្តល់អំណោយស័ង្កសី សម្រាប់កងកម្លាំងកងពលតូចថ្មើរជើងលេខ៥១ វរសេនាតូចថ្មើជើងលេខ៥១៤ សម្រាប់ជួយសាងសង់ផ្ទះជូនប្រជាពលរដ្ឋ។

ជាចុងក្រោយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានគោរពថ្លែងអំណរគុណជូនចំពោះលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋជួបការលំបាកគ្រប់ទីកន្លែង៕