(ភំ្នពេញ)៖ អាល់កុលក្លែងក្លាយ (មេតាណុល) ដែលបង្កទុក្ខទោសដល់សុខភាពអ្នកប្រើប្រាស់ចំនួន ៧០១ប៊ីដុង ស្មើនឹង ២១,០៥២លីត្រ ត្រូវបានដុតកម្ទេចចោលនៅទីលានចាក់សំរាម ក្នុងខណ្ឌដង្កោ។

ព័ត៌មានអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា អាល់កុលក្លែងក្លាយទាំងនេះ ត្រូវបានចុះដកហូតពីតាមបណ្តាផ្សារនានាពេលកន្លងទៅ។

ក្រសួងពាណិជ្ជកម្ម តាមរយៈអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានធ្វើសកម្មភាពយ៉ាងសកម្មក្នុងការបង្ក្រាបផលិតផលក្លែងក្លាយនានានៅលើទីផ្សារ។ ក្នុងនោះអាល់កុលក្លែងក្លាយ ដែលជាចរាចរណ៍លើទីផ្សារត្រូវបានរឹបអូស និងកម្ទេចចោលជាបន្តបន្ទាប់ផងដែរ ដើម្បីការពារសុខភាពរបស់អ្នកប្រើប្រាស់។

របាយការណ៍បានបង្ហាញថា រយៈពេល៧ខែឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានត្រួតពិនិត្យគុណភាពអាល់កុល និងជែលលាងដៃគ្រប់ប្រភេទនៅតាមបណ្តាឃ្លាំងស្តុក ទីផ្សារ និងឱសថស្ថាន រកឃើញ និងរឹបអូសមកកម្ទេចចោលសាធារធាតុមេតាណុលចំនួន ៩៦,៧៣៧លីត្រ និងបានកសាងសំណុំរឿងបញ្ជូនទៅតុលការ ដើម្បីបន្តនីតិវិធីតាមច្បាប់ផងដែរ៕