(ក្រចេះ)៖ លោក ស្រេង សុភាព អភិបាលរងខេត្ត និងជាប្រធានគណៈបញ្ជាការដឹកនាំអនុវត្តច្បាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តក្រចេះ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារចុះធ្វើយុទ្ធនាការផ្សព្វផ្សាយជាសាធារណៈស្តីពីការពង្រឹងអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព ក្នុងភូមិសាស្រ្តខេត្តក្រចេះ ដោយក្នុងនោះក៏មានការណែនាំ និងផាកពិន័យទៅតាមជំហាន នៃការមិនចូលរួមគោរពអនុវត្តតាម ចាប់ពីថ្ងៃជូនដំណឹងនេះទៅផងដែរ។

យុទ្ធនាការផ្សព្វផ្សាយបានផ្តោតទៅក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ដែលតម្រូវឱ្យមានការអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ស្របតាមប្រកាសលេខ ០១៨ ស.នក.ប្រក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ របស់ក្រសួងសុខាភិបាលស្តីពីកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ក្នុងអំឡុងពេល នៃការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ និងជាការពង្រឹងទប់ស្កាត់ប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាល នៃមេរោគជំងឺកូវីដ-១៩ បំប្លែងថ្មី Delta ពិសេសការអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងរក្សាគម្លាតបុគ្គល ជូនដល់ប្រជាពលរដ្ឋឱ្យបានជ្រាប និងត្រូវចាប់ផ្តើមអនុវត្ត ។

ការមិនអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ សម្រាប់បុគ្គល យោងតាមមាត្រា៥ នៃអនុក្រឹត្យការពាក់ម៉ាស់ ត្រូវធ្វើជាកាតព្វកិច្ចដោយផ្អែកតាមសកម្មភាពការងារ ឬស្ថានភាពមុខរបរ របស់បុគ្គល និងតាមទីកន្លែងដែលមានហានីភ័យនៃការចម្លង ឬការឆ្លងមេរោគកូវីដ-១៩។

ដោយផ្អែកលើកម្រិត នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្រសួងសុខាភិបាលចេញសេចក្ដីប្រកាស ឬសេចសម្រេចដើម្បីកំណត់អំពីបុគ្គលដែលមានកាតព្វកិច្ចពាក់ម៉ាស់ និងទីកន្លែងដែលតម្រូវឱ្យពាក់ម៉ាស់។

ផ្នែកតាមការកំណត់នេះ បុគ្គលដែលបំពាន និងកាតព្វកិច្ចពាក់ម៉ាស់ ត្រូវទទួលទណ្ឌកម្មដូចខាងក្រោម៖

ទី១៖ ការបំពានលើកទី១ ត្រូវធ្វើការប្រមាន
និងទី២៖ ការបំពានចាប់ពីលើកទី២ ត្រូវផ្ដន្ទាទោសពិន័យអន្តរការណ៍ចាប់ពី ២សែនរៀល ទៅ ១លានរៀល៕