(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានបន្តជំរុញដល់មន្ត្រី អាជ្ញាធរ សមត្ថកិច្ចជំនាញពាក់ព័ន្ធ សហការគ្នាបន្ថែមទៀតនៅក្នុងយុទ្ធនាការទប់ស្កាត់ និងប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ឱ្យបានខ្លាំងក្លា និងមានប្រសិទ្ធភាពថែមទៀត។

ការជំរុញបែបនេះរបស់លោកជាវ តាយ បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពតប្រចាំខែកក្កដា នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ នៅសាលប្រជុំសាលាខេត្ត។ កិច្ចប្រជុំនេះមានការចូលរួមពីជួរថ្នាក់ដឹកនាំ មន្ទីរ ស្ថាប័ន អង្គភាព កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនៅជុំវិញនិងចំណុះឱ្យខេត្ត ស្ថាប័នតុលាការ អយ្យការ និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូប។

ទន្ទឹមនេះ លោក ជាវ តាយ ក៏បានជំរុញឱ្យមានការរៀបចំផែនការសកម្មភាព ច្បាស់លាស់បន្តទៀត ក្នុងការចាត់តាំងអនុវត្តការងារ បង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយពង្រឹងពួនជ្រុំនូវ ទំនាក់ទំនង កិច្ចប្រតិបត្តិការ រវាងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរព្រំដែន ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិឱ្យបានល្អ និងពង្រឹងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងការទទួលខុសត្រូវលើតួនាទីភារកិច្ច ត្រៀមកម្លាំងសរុប វិធានការសរុប និងមធ្យោបាយសរុប ដើម្បីគ្រប់គ្រងដោះស្រាយសភាពការណ៍ ឆ្លើយតបតម្រូវការការងារប្រចាំថ្ងៃក្នុងខេត្តបន្ថែមទៀត។

លោកភិបាលខេត្ត បានបញ្ជាក់ថា រយៈពេលកន្លងមក រដ្ឋបាលខេត្តកំពត ដោយផ្ដើមចេញពីគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត មានផែនការសកម្មភាព ច្បាស់លាស់ ក្នុងការចាត់តាំងអនុវត្ត ការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស ឈរលើមូលដ្ឋានច្បាប់ ព្រមទាំងបន្តអនុវត្តការអប់រំ ផ្សព្វផ្សាយ ជាកត្តាចម្បង មុននឹងឈានដល់ការបង្រ្កាប និងការដោះស្រាយបានទាន់ពេលវេលា នូវបញ្ហាដែលប្រជាពលរដ្ឋក្នុងមូលដ្ឋានរាយការណ៍ និងសំណូមពរប្រកបដោយប្រសិទ្ធភាព។

លោក ជាវ តាយ បានបន្ថែមទៀតថា ជាពិសេសការបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ ដោយមានការយកចិត្តទុកដាក់ សំដៅបន្តពង្រឹងអនុវត្តតាមវិធានសុខាភិបាល និងចំណាត់ការរបស់ប្រមុខរាជរដ្ឋាភិបាល រួមនឹងការដាក់ចេញនូវវិធានការនានា របស់រដ្ឋបាលខេត្ត ដោយអនុវត្តអប់រំរដ្ឋបាល ច្បាប់ និងវិធានការ «៣កុំ និង៣ការពារ» សំដៅការពារសុខុមាលភាពនិងអាយុជីវិត របស់ប្រជាពលរដ្ឋ។

រហូតមកដល់បច្ចុប្បន្ន ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ភូមិសាស្រ្តខេត្តកំពត ក៏មានលក្ខណៈធូរស្បើយល្អប្រសើរជាបណ្ដើរៗហើយផងដែរ៕