(កោះកុង)៖ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងមេរោគបំប្លែងថ្មី Delta ឆ្លងចូលក្នុងសហគមន៍ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ នេះ អាជ្ញាធរក្រុងខេមរភូមិន្ទ បានសហការណ៍ជាមួយមន្ត្រីសុខាភិបាលខេត្ត អាជ្ញាធរមូលដ្ឋាន ចុះយកសំណាកធ្វើតេស្តរហ័ស (Rapid Test) ដើម្បីស្វែងរកមេរោគកូវីដ-១៩ បំប្លែងថ្មី Delta ដល់អាជីវករដែលមានតូបក្នុងផ្សារដងទង់។

ការចុះយកសំណាកធ្វើតេស្តរហ័ស (Rapid Test) នេះ ធ្វើឡើងក្រោមការដឹកនាំដោយលោក ឈឹម ចិន អភិបាលរងក្រុង សហការណ៍ជាមួយមន្ត្រីសុខាភិបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចផងដែរ។

លោក ឈឹម ចិន បានបង្ហើបឱ្យដឹងថា «ការធ្វើតេស្តរហ័យថ្ងៃនេះ គឺអាជ្ញាធរគ្រោងនឹងបើកទ្វារផ្សារដងទង់ ដើម្បីឱ្យអាជីវករចូលប្រកបអាជីវកម្មលក់ដូរឡើងវិញ ក្រោយពីមន្ទីរសុខាភិបាលខេត្តបញ្ជាក់ថា អាត្រាកូវីដ-១៩ មានអាត្រាថយចុះ និងគ្មានករណីកូវិដ-១៩បំប្លែងថ្មីនោះទេ»

លោកបានបន្ថែមថា ការត្រៀមបើកទ្វារផ្សារឱ្យដំណើរការឡើងវិញនេះ សូមឱ្យអាជីវករលក់ដូរក្នុងផ្សារទាំងអស់ អញ្ជើញមកធ្វើតេស្តសិនមុនឱ្យចូលលក់ដូរ បើអាជីវករណាម្នាក់មិនមកចូលរួមធ្វើតេស្តទេ អាជ្ញាធរ និងអ្នកគ្រប់គ្រងផ្សារដងទង់ មិនអនុញ្ញាតឱ្យចូលលក់ទេ នេះជាវិធានការទប់ស្កាត់កុំឱ្យមានការរីករាលដាលឆ្លងចូលក្នុងសហគមន៍ និងក្រុមគ្រួសារ។

លោកអភិបាលរងរូបនេះ បានបញ្ជាក់ថា អាជីវករមុនចូលលក់ដូរ គឺត្រូវបង្ហាញកាតសំគាល់ប័ណ្ណចាក់វ៉ាក់សាំង និងប័ណ្ណសំគាល់ធ្វើតេស្តជាមុនដែលអាជ្ញាធរ និងក្រុមគ្រូពេទ្យកំពុងធ្វើតេស្តរហ័សនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ។

ក្នុងគ្រានេះដែរ លោកក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទូទៅចូលរួមទប់ស្កាត់ការពារជំងឺកូវីដ-១៩ ជាជំងឺឆ្លងសកលមានហានិភ័យខ្ពស់ ហើយត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» ឱ្យបានជាប់ជានិច្ច។

លោកស្រី មិថុនា ភូថង អភិបាលខេត្ត កាលពីថ្ងៃទី១៧ ខែសីហាឆ្នាំ២០២១ បានឱ្យដឹងថា «អាជ្ញាធរក្រុងនឹងបើកកិច្ចប្រជុំគណៈកម្មការប្រយុទ្ធប្រឆាំងកូវីដ-១៩ សិនដើម្បីត្រៀមឱ្យអាជីវករចូលប្រកបអាជីវកម្មលក់ដូរឡើងវិញ បើសិនអាត្រាកូវីដ-១៩ មានអាត្រាថយចុះ និងបើគ្មានករណីកូវីដ-១៩ បំប្លែងថ្មីទេ។

ព្រោះអាជ្ញាធរគិតគូរខ្លាំងណាស់ ចំពោះជីវភាព និងការរស់នៅរបស់បងប្អូន តែសំខាន់ជាងគេនោះ គឺអាយុជីវិតប្រជាពលរដ្ឋ ពីព្រោះកូវីដ-១៩ វាមានហានិភ័យខ្លាំងណាស់ វាអាចឆក់យកអាយុជីវិតរហ័សណាស់ មិនថាក្មេង ឬចាស់ អ្នកមាន ឬអ្នកក្រទេឱ្យតែធ្វេសប្រហែស។ ដូច្នេះ យើងត្រូវចូលរួមទប់ស្កាត់ទាំងអស់គ្នា ហើយអនុវត្តនូវអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលឱ្យបានជាប់ជានិច្ច»