(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ លោក ដាតូ លឹម ចុក ហយ (Dato Lim Jock Hoi) អគ្គលេខាធិការអាស៊ាន ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា រួមជាមួយរដ្ឋមន្រ្តីការបរទេស និងតំណាងនៃប្រទេសជាសមាជិកអាស៊ានផ្សេងទៀត បានចូលរួមក្នុងសន្និសីទដើម្បីកៀរគរជំនួយមនុស្សធម៌របស់អាស៊ានដល់មីយ៉ាន់ម៉ា តាមប្រព័ន្ធវីដេអូ។ តំណាងនៃប្រទេសដៃគូខាងក្រៅរបស់អាស៊ាន និងបណ្តាប្រទេសជាមិត្ត ក៏បានចូលរួមក្នុងសនិ្នសីទ ដែលបានធ្វើឡើងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ ផងដែរ។

លេខាធិការដ្ឋានអាស៊ាន និងមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន ដើម្បីជំនួយមនុស្សធម៌ និងការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) បានធ្វើបទបង្ហាញអំពីវិធីសាស្រ្ត២កម្រិត នៅក្នុងការផ្តល់ ជំនួយមនុស្សធម៌ដល់ប្រទេសមីយ៉ាន់ម៉ា រួមមាន ការសង្រ្គោះជីវិត នៅដំណាក់កាលទី១ និងការទ្រទ្រង់ជីវិត នៅដំណាក់កាលទី២។ សន្និសីទបានសង្កត់ធ្ងន់អំពីការដឹកជញ្ជូនជំនួយជាបន្ទាន់ និង ដែលមានការសម្របសម្រួលយ៉ាងល្អ ទៅកាន់សេវាសុខាភិបាលនៅមីយ៉ាន់ម៉ា ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស និងផ្តល់ការថែទាំចាំបាច់ដល់អ្នកដែលបានឆ្លងជំងឺ និងដើម្បីជួយសម្រាលការលំបាកនៃសហគមន៍នានាដែលងាយរងគ្រោះ និងនៅតំបន់ដាច់ស្រយាល។

អ្នកចូលរួមនៅក្នុងសន្និសីទ បានសម្តែងនូវការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការកៀរគរជំនួយមនុស្សធម៌សម្រាប់មីយ៉ាន់ម៉ា ស្របទៅតាមចំណុចទី៤ នៃការព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច ដែលត្រូវបានសម្រេចនៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។ អង្គសន្និសីទ បានធ្វើការសន្យាចូលរួមចំណែកជាមួយកញ្ចប់ហិរញ្ញវត្ថុដ៏សំខាន់ និងជំនួយសប្បុរស រួមមាន វ៉ាកសាំង ជាដើម ដោយផ្តោតជាសំខាន់សម្រាប់ដំណើរប្រតិបត្តិការនៃជំនួយនៅដំណាក់កាលទី១។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនអង្គសន្និសីទអំពីការចូលរួមចំណែករបស់កម្ពុជា ជាថវិកាចំនួន ១០០.០០០ (១០ម៉ឺន) ដុល្លារអាមេរិក ដើម្បីគាំទ្រជំនួយមនុស្សធម៌ដល់ប្រទេសមីយ៉ាន់ម៉ា តាមរយៈមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន ដើម្បីជំនួយមនុស្សធម៌ និងការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre)។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានរំលឹកផងដែរអំពីការជួយឧបត្ថម្ភគាំទ្រយ៉ាងឆាប់រហ័សរបស់កម្ពុជា ដល់កិច្ចខិតខំប្រឹងប្រែងរបស់មីយ៉ាន់ម៉ា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមមាន ម៉ាស់ ចំនួន ២លាន និងឧបករណ៍វេជ្ជសាស្ត្រមួយចំនួន ដែលបានផ្តល់កាលពីខែវិច្ឆិកា ឆ្នាំ២០២០ និងការរួមចំណែកបន្ថែមទៀតនៅមុនពេលនៃសន្និសីទនេះ រួមមាន ជាថវិកាចំនួន ២០០.០០០ (២០ម៉ឺន) ដុល្លារអាមេរិក និងជាឧបករណ៍វេជ្ជសាស្ត្រ ដូចជា ម៉ាស់ចំនួន ៣លាន ឧបករណ៍ធ្វើតេស្តរហ័សចំនួន ៥០០.០០០ សំលៀកបំពាក់សុវត្ថិភាព PPE ចំនួន២.០០០ឈុត ម៉ាស៉ីនផលិតអុកស៉ីហ្សែនស្វ័យប្រវត្តិ ចំនួន ១០០គ្រឿង ម៉ាស៉ីនជំនួយដកដង្ហើមចំនួន ២០គ្រឿង និងម៉ាស៉ីនតាមដានសញ្ញាជីវិតចំនួន ២០គ្រឿង ដែលបានបញ្ជូនទៅដល់នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។

បន្ថែមលើនេះ កាកបាទក្រហមកម្ពុជា ក៏នឹងបរិច្ចាគថវិកា ចំនួន១០០.០០០ (១០ម៉ឺន) ដុល្លារអាមេរិក ដល់សង្គមកាកបាទក្រហមមីយ៉ាន់ម៉ា (Myanmar Red Cross Society) ផងដែរ៕