(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្តីប្រកាសជាសាធារណៈ ដល់ក្រុមជនឱកាសនិយម ដែលបានបំផុសដល់ប្រជាពលរដ្ឋ ឲ្យចូលទៅកាន់កាប់ រុករាន ឈូសឆាយ និងហ៊ុមព័ទ្ធដីរដ្ឋដោយខុសច្បាប់ ត្រូវបញ្ឈប់ជាបន្ទាន់ ក្នុងដីស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើ ស្ថិតនៅចំណុចភូមិសាស្ត្រ ក្នុងស្រុកចុងកាល់ និងក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ការប្រកាសព្រមានជាសាធារណៈនេះ បន្ទាប់ពិនិត្យឃើញថា មានក្រុមជនឱកាសនិយម បានបំផុស ដល់ប្រជាពលរដ្ឋឲ្យចូលទៅកាប់រាន ឈូសឆាយ និងហ៊ុមព័ទ្ធដីរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិ ដែលសកម្មភាព ចូលកាប់ឆ្ការ ដីទាំងនេះ ជាទង្វើខុសច្បាប់។

ថ្មីៗនេះ មានការញុះញង់ ពីសំណាក់មេខ្យល់មួយក្រុម បានដឹកនាំប្រជាពលរដ្ឋ ទៅហាមឃាត់ត្រាក់ទ័រ របស់ក្រុមហ៊ុន សាន ហ៊ាង (កម្ពុជា) អាហរណ៍ នីហរណ៍ ឯ.ក. ដែលទទួលបានសិទ្ធិស្របច្បាប់ ពីរដ្ឋាភិបាល។ ក្រុមហ៊ុន ចាប់ផ្តើមធ្វើការ ភ្ជូរសំអាតដី នាំគ្នាទៅឡោមព័ទ្ធ រាំងស្ទះនៃដំណើរការ របស់ក្រុមហ៊ុន។

សេចក្តីជូនដំណឹង បានបញ្ជាក់ថា ដើម្បីជៀសវាង ឈានដល់ការអនុវត្តតាមផ្លូវច្បាប់ សូមបងប្អូនប្រជាពលរដ្ឋ បញ្ឈប់រាល់សកម្មភាព ខុសនឹងច្បាប់ជាបន្ទាន់ ក្នុងករណីនៅបន្ត ចូលទៅកាន់កាប់ដីរបស់រដ្ឋ និងបន្តធ្វើការរារាំង នៃដំណើរការវិនិយោគរបស់ក្រុមហ៊ុន រដ្ឋបាលខេត្តនឹងមានវិធានការ តាមផ្លូវច្បាប់។

សូមររំលឹកថា ដីរដ្ឋខាងលើនេះ ជាអតីតដីរបស់ក្រុមហ៊ុន ចំនួន៣ បានទទួលសិទ្ធិពីរដ្ឋាភិបាល វិនិយោគដំណាំកសិ-ឧស្សាហកម្ម លើការដាំដំណាំស្ករអំពៅ លុះអំឡុងដើមឆ្នាំ២០១២ ក្រុមហ៊ុនទាំងនោះ បានក្ស័យធនប្រគល់ឲ្យរដ្ឋវិញ ហើយអាជ្ញាធរជាអ្នកគ្រប់គ្រង។

ដោយមើលឃើញដីនៅទំនេរ មានពលរដ្ឋខ្លះសុំ ខ្លះមិនសុំ អាជ្ញាធរ ចូលធ្វើកសិកម្ម ស្រូវ ដំឡូងយកតែផល រដ្ឋត្រូវការវិញពេលណា យកវិញទៅ តែពេលនេះ អ្នកដែលបាន ចូលអាស្រ័យផលទាំងនោះ បែរនិយាយថា ជាដីរបស់ខ្លួន បានអាស្រ័យផលយូរឆ្នាំហើយ៕