(ស្វាយរៀង)៖ លោកបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងតំណាងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ បាននាំអំណោយ និងស្បៀង ព្រមទាំងថវិកាជូនដល់ក្រុមគ្រូពេទ្យជួរមុខ នៃស្រុកប្រតិបត្តិស្វាយទាបចំនួន២២នាក់ និងស្រុកប្រតិបត្តិជីភូចំនួន១២នាក់ ដែលមានវិជ្ជមានកូវីដ១៩ ក្នុងបេសកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

លោកបណ្ឌិត កែរ រដ្ឋា បានថ្លែងនូវការផ្តាំផ្ញើសាកសួរសុខទុក្ខនិងក្តីនឹករលឹកពីសំណាក់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលជានិច្ចកាលលោកស្រីតែងតែយកចិត្តទុកដាក់ និងគាំទ្រដល់ក្រុមគ្រូពេទ្យទាំងអស់ដែលបានខិតខំក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយមិនខ្លាចការនឿយហត់។

លោកបានថ្លែងកោតសសើរ នូវកិច្ចខិតខំប្រឹងប្រែងនិងការលះបង់របស់មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដោយបានបំពេញការងារយ៉ាងសស្រាក់សស្រាំក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយការលះបង់នេះ ថ្នាក់ដឹកនាំនៃមន្ទីរសុខាភិបាលខេត្តក៏ដូចជារដ្ឋបាលខេត្ត នឹងចងចាំមិនអាចបំភ្លេចបានឡើយ នូវគំរូវីរភាពដ៏អង់អាចក្លាហានក្នុងការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

អំណោយដែលផ្តល់ជូនគ្រូពេទ្យក្នុងម្នាក់ៗទទួលបាន មី ១កេស ទឹកផ្លែឈើ១កេស ទឹកដោះគោឆៅ១ឡូ ស្ករស១គីឡូ ទឹកសុទ្ធវីតាល់ ១កេស អាល់កុល៥លីត្រ សាប៊ូប្រូធិច៥ដុំ ម៉ាស់១០០និងថវិកា ១លានរៀល។

សូមបញ្ជាក់ថា លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្ដល់អំណោយជាស្បៀង និងថវិកាដល់ក្រុមគ្រូពេទ្យជួរមុខដែលឆ្លងជំងឺកូវីដ១៩ ចំនួន ៦២ នាក់ នៅតាមបណ្ដាស្រុកប្រតិបត្តិនៃខេត្តស្វាយរៀងដែលត្រូវបានព្យាបាលជាសះស្បើយហើយនោះ ដើម្បីឲ្យមន្ទីរសុខាភិបាលខេត្តនាំទៅចែកជូនផ្ទាល់ដៃផងដែរ៕