(កំពង់ឆ្នាំង)៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០២១ ដឹកនាំដោយលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បាននាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋចំនួ ន១៥០គ្រួសារ ស្ថិតក្នុងតំបន់បិទខ្ទប់ ក្នុងឃុំប្រឡាយមាស ស្រុកកំពង់លែង ដោយមានការចូលរួមពីលោក អម សុភា អភិបាលរងខេត្ត និងលោក កែវ វណ្ណដេត ក្រុមការងាររាជរដ្ឋាភិបាលចុះស្រុកកំពង់លែង។

ក្នុងការសំណេះសំណាលនាឱកាសនោះ លោក ស៊ុន សុវណ្ណារិទ្ធិ បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង, លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ធមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ដែលតែងតែគិតគូរនិងយកចិត្តទុកដាក់ លើការអភិវឌ្ឍន៍ខេត្តអោយកាន់តែមានការរីកចម្រើន និងបានកសាងនូវសមិទ្ធិផលជាច្រើននៅក្នុងខេត្តកំពង់ឆ្នាំង។

ដោយឡែកអំឡុងពេលនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ថ្នាក់ដឹកនាំ និងក្រុមការងារ តែងតែបានផ្តល់នូវស្បៀង សម្ភារ និងថវិកាជាច្រើនដល់រដ្ឋបាលខេត្ត សម្រាប់យកចាត់ចែងជូនប្រជាពលរដ្ធដែលទទូលរងផលប៉ះពាល់ នៃជំងឺកូវីដ១៩ និងគ្រោះមហន្តរាយផ្សេងៗនៅក្នុងទូទាំងខេត្តកំពង់ឆ្នាំង។

លោកអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅក្នុងតំបន់ដែលកំពុងធ្វើការបិទខ្ទប់ ត្រូវចូលរួមទាំងអស់គ្នា ជាមួយអាជ្ញាធរ ធ្វើយ៉ាងណារក្សាឲ្យបានគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងអនុវត្តឲ្យបាននូវវិធានអនាម័យរបស់ក្រសួងសុខាភិបាល ពិសេសគឺអភិក្រមរបស់សម្ដេចប្រមុខរាជរដ្ឋាភិបាល «៣ការពារ និង៣កុំ» ឲ្យបានទៀងទាត់ និងឱ្យបានគ្រប់ពេលវេលា ដើម្បីខ្លួនយើង និងសហគមន៍យើងចៀស ផុតពីជំងឺកូវីដ១៩ និងជាពិសេសជំងឺកូវីដបំប្លែងថ្មី ដែលមានឈ្មោះថា Delta ដ៏កាចសាហាវនេះ។

ចំពោះអំណោយចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ទាំង១៥០គ្រួសារ គឺក្នុង១គ្រួសារៗទទូលបានអង្ករ ២០គ.ក្រ មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី១យួរ ទឹកស៊ីវអ៊ីវ១យួរ និងម៉ាស់១ប្រអប់។

នៅក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត និងក្រុមការងារ បានប្រគល់ស្បៀងរដ្ឋបាលខេត្ត ដល់មេឃុំប្រឡាយមាស សម្រាប់ចែកចាយជូនប្រជាពលរដ្ធធ្វើចត្តាឡីស័ក តាមខ្នងផ្ទះ ដែលកំពុងជួបការខ្វះខាតនូវអង្ករចំនួន ៤តោន មី២០០កេស ទឹកសុទ្ធ២០០កេស ត្រីខ២០០យួរ ទឹក ត្រី២០០យួរ ទឹកស៊ីវអ៊ីវ ២០០យួរ និងម៉ាស ២០០ប្រអប់ផងដែរ៕