(ភ្នំពេញ)៖ លោក ថេង សុថុល ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន និងលោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមកាងារ នាំយកអំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន ចុះប្រគល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ២៥គ្រួសារ នៅសង្កាត់ទួលទំពូងទី២ ដើម្បីជួយសម្រួលការលំបាកក្នុងកំឡុងពេលជួបប្រទះនូវជំងឺកូវីដ១៩។

លោក ថេង សុថុល ក៏បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក ឃួង ស្រេង ប្រធានសាខាកាកបាទក្រហមរាជធានីភ្នំពេញ ជូនចំពោះប្រជាពលរដ្ឋ ដែលសម្ដេចតែងបានគិតគូរខ្ពស់ចំពោះប្រជាពលរដ្ឋដោយបានចាត់ឱ្យមន្ត្រីក្នុងមូលដ្ឋាន ចុះសួរសុខទុក្ខ និងនាំយកអំណោយមកចែកជូននាពេលនេះ ដែលជាសក្ខីភាពមួយបញ្ជាក់ ឲ្យឃើញបេះដូង សប្បុរសធម៌ និងសេចក្តីស្រលាញ់ ចេះចែករំលែក ជួយសង្គ្រោះដោយមិនប្រកាន់ពណ៌សប្បុរ ឬសាសនា និងនិន្នាការនយោបាយណាមួយឡើយ ពោលគឺធ្វើឡើងដោយទឹកចិត្តអាណិតស្រាលាញ់ និងស្របតាមពាក្យថា ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជាជានិច្ច។

លោកប្រធានអនុសាខា ក៏បានសំណូមពរឱ្យប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តឱ្យបានហ្មត់ចត់ តាមវិធានសុខាភិបាល និងការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីការពារការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសមេរោគបម្លែងថ្មី ដែលតា ដែលកំពុងតែចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ និងអំពាវនាវ ដល់ពលរដ្ឋ នៅក្នុងមូលដ្ឋានខណ្ឌចំការមននេះ គោរព និងអនុវត្តនូវវិធានការនានា ដែលបានដាក់ចេញដោយរដ្ឋបាលរាជធានីភ្នំពេញដោយអាជ្ញាធរ នឹងអនុវត្តតាមច្បាប់ មិនមានការណែរនាំទៀតឡើយ។

ជាមួយគ្នានោះលោក ថេង សុថុល បានសំណូមពរឲ្យចៅសង្កាត់ ក្នុងមូលដ្ឋានខណ្ឌ ត្រូវតែបម្រើសេវាកម្មលើលិខិតស្នាមរដ្ឋបាល ជូនប្រជាពលរដ្ឋ ព្រោះមន្ត្រី មិនមែនជា ចៅហ្វាយនាយ ប្រជាពលរដ្ឋនោះទេ ប្រសិនបើប្រជាពលរដ្ឋ ត្រូវការបំពេញឯកសារ ឬលិខិតស្នាមផ្សេងៗ។ បើពលរដ្ឋមករកមន្ត្រីខណ្ឌ-សង្កាត់ ហើយ ទទួលបានការ ប្រើសំដី ឬអាកប្បកិរិយាមិនសមរម្យមកលើ សូមរាយការណ៍ទៅលោកភ្លាម ដើម្បីលោកមានវិធានការរដ្ឋបាលចំពោះមន្ត្រីនោះ។

សូមបញ្ជាក់ថា អំណោយដែលចែកជូនប្រជាពលរដ្ឋទាំង២៥គ្រួសារ ក្នុង១គ្រួសារ ទទួលបាន៖ អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ម៉ាស និងថវិកាមួយចំនួនផងដែរ៕