(កំពង់ឆ្នាំង)៖ លោក កុល ប៊ុនលី រដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំពេជចង្វារ ស្រុកបរិបូណ៌, លោក សំ ប្រជាមានិត អគ្គលេខាធិការ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងជាអនុប្រធានក្រុមការងារចុះជួយឃុំពេជ្រចង្វារ, លោក គឹម រ័ត្នណារិន ប្រធានសាលាដំបូងខេត្ត និងលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ព្រមទាំងក្រុមការងារចុះជួយឃុំពេជ្រចង្វារនៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ បាននាំយកគ្រឿងឧបភោគ បរិភោគ ប្រគល់ជូនអាជ្ញាធរឃុំពេជចង្វារ ដើម្បីចែកជូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក និងប្រជាពលរដ្ឋមានជីវភាពខ្វះខាតក្នុងមូលដ្ឋាន។

នាឱកាសនោះលោក កុល ប៊ុនលី បានថ្លែងថា អំណោយដែលនាំយកមកប្រគល់ជូនអាជ្ញាធរឃុំនៅពេលនេះ ជាអំណោយរបស់សម្តេចឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និងទេសរដ្ឋមន្ត្រី គុយ សុផល។

ឆ្លៀតក្នុងឱកាសនោះដែរលោក កុល ប៊ុនលី បាននាំការសួរសុខទុក្ខពីសំណាក់ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំ ផ្ញើជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិ សេសប្រជាពលរដ្ឋងាយរងគ្រោះគ្រប់ទីកន្លែង និងប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយឡើយ។

លោកបានផ្តាំផ្ញើដល់អាជ្ញាធរឃុំ ត្រូវយកគ្រឿងឧបភោគ បរិភោគទាំងនេះយកទៅប្រើប្រាស់ឲ្យចំគោលដៅ និងដល់ដៃប្រជាពលរដ្ឋដែលត្រូវការពិតប្រាកដ។ ជាមួយគ្នានេះលោកបានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមទាំងអស់គ្នាជាមួយអាជ្ញាធរ ធ្វើយ៉ាងណាអនុវត្តឲ្យត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល ពិសេសអនុវត្តឲ្យបានតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាគឺ «៣កុំ និង៣ការពារ» ឲ្យបានខ្ជាប់ខ្ជួនដើម្បីខ្លួនយើង ក្រុមគ្រួសារយើង និងសហគមន៍យើង ចៀសផុតពីជំងឺដ៏កាចសាហាវនេះ។

សូមបញ្ជាក់ថា អំណោយដែលនាំយកមកប្រគល់ជូនអាជ្ញាធរឃុំនាពេលនេះរួមមាន៖ អង្ករ២តោន, មី៥០កេស, ទឹកត្រី ២០កេស, ទឹកស៊ីអ៊ីវ២០កេស, អាល់កុល១៥លីត្រ និងម៉ាស់ចំនួន២០០០ម៉ាស់៕