(ភ្នំពេញ)៖ នៅវេលាម៉ោង ៦ល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ស្អែកនេះ លោក ឈិត សុខុន រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា បានណែនាំឲ្យគ្រប់វត្តអារាម និងព្រះវិហារ នៃគ្រប់សាសនា ត្រូវបន្លឺសំឡេងស្គរ ជួងកងរំពង ដើម្បីជាការដាស់ស្មារតីដល់ប្រជាពលរដ្ឋឲ្យបន្ដប្រុងប្រយ័ត្នពីជំងឺកូវីដ១៩។

ក្នុងសេចក្ដីណែនាំដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានកាលពីរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១, ក្រសួងធម្មការ និងសាសនា ក៏បានណែនាំឲ្យគ្រប់វត្តអារាម និងព្រះវិហារ នៃគ្រប់សាសនា ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ «៣ការពារ និង៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

បើតាមក្រសួងធម្មការ, នៅថ្ងៃស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នឹងផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត អានសុន្ទរកថា បើកកម្មវិធីក្រោមប្រធានបទ «សូមពិភពលោក រួចផុតពីជំងឺរាតត្បាតកូវីដ១៩ និងអំពើជួញដូរមនុស្ស ហើយនឹងត្រូវចាក់ផ្សាយព្រមៗគ្នានៅគ្រប់ប៉ុស្តិ៍ទូរទស្សន៍រដ្ឋ និងឯកជននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បណ្តាញព័ត៌មាន និងបណ្តាញសង្គមផងដែរ»