(បាត់ដំបង)៖ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស និងជានាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ពេញមួយថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារប្រមូលទិញផ្លែមៀន និងតាង៉ែន ពីប្រជាកសិករប្រមាណ៧៥តោន រួចហើយធ្វើការផ្តល់ជូនទៅតាមស្ថាប័ន និងអង្គភាពផ្សេងៗតែម្តង។

លោក ស៊ុន ម៉េងហៃ ជំនួយការផ្ទាល់នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃនេះថា ក្រោយមានបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ភ្លាម, នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត បានដឹកនាំក្រុមការងារដោយបញ្ជូនរថយន្តពី ២០ទៅ៣០គ្រឿង រង់ចាំទទួលទិញផ្លែមៀន និងតាង៉ែននៅទីតាំងតារាងបាល់ទាល់ជិតសាលាភូមិភាគ ទីរួមខេត្តបាត់ដំបង ប៉ុន្តែនៅថ្ងៃស្អែក នាយឧត្តមសេនីយ៍ នឹងដឹកនាំក្រុមការងារ ចុះទៅដល់ចំការផ្ទាល់តែម្តង ដើម្បីប្រមូលទិញពីក្រុមកសិករដែលជួបបញ្ហាខ្វះខាតទីផ្សារជាក់ស្តែងតែម្តង។

លោក ស៊ុន ម៉េងហៃ បានបញ្ជាក់ថា «ពេញមួយថ្ងៃនេះ ក្រុមការងារក្រោមការដឹកនាំបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត យើងបានទិញផ្លែមៀន និងតាង៉ែនពីបងប្អូនកសិករប្រមាណ៧៥តោន រួចហើយផ្លែឈើទាំងនេះ ត្រូវបានចែកជូនដល់យោធានៅតាមភូមិ អាវុធហត្ថ នគរបាល មន្ទីរពាក់ព័ន្ធរបស់សាលាខេត្ត និងក្រុមគ្រូពេទ្យជាដើម»

បើតាមជំនួយការ និងជាអ្នករង់ចាំទទួលទិញផ្លែមៀន និងតាង៉ែនផ្ទាល់ពីបងប្អូនកសិករ, នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ស្អែកនេះ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នឹងអញ្ជើញដឹកនាំក្រុមការងារចុះទៅពិនិត្យ ស្ថានភាពផ្ទាល់នៅតាមចំការតែម្តង។ លោកថា «នេះជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត លើបងប្អូនប្រជាកសិករ ខណៈពួកគាត់មិនទាន់មានទីផ្សារសម្រាប់ លក់ផលិតផលរបស់ពួកគាត់ ហេតុដូច្នេះសម្តេចតេជោ បានបញ្ជាមកនាយឧត្តមសេនីយ៍កិត្តិបណ្ឌិតជាបន្ទាន់ សម្រាប់ការដោះស្រាយរឿងនេះ»

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែសីហា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឲ្យនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង ប្រមូលទិញផ្លែមៀន និងតាង៉ែន របស់កសិករនៅតាមបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ ដែលជួបប្រទះនូវបញ្ហាក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដោយសារការឆ្លងរីករាលដាលជំងឺកូវី១៩។

សូមជម្រាបថា ផ្លែមៀនប៉ៃលិន របស់សហគមន៍កសិកម្មមៀនប៉ៃលិន ចំនួន៥ម៉ឺនតោន កំពុងប្រឈមនឹងការខូចខាត ព្រោះមិនអាចនាំចេញបាន។

លោក តំ សុភ័ណ្ឌ រដ្ឋបាលសហគមន៍កសិកម្មមៀនប៉ៃលិន បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ផ្ទៃដីដាំដុះមៀនប៉ៃលិនរបស់កសិករ ជាសមាជិកមានចំនួន ២,៩០០ហិកតា នៅខេត្តប៉ៃលិន បាត់ដំបង និងបន្ទាយមានជ័យ ចាប់ផ្តើមដល់រដូវកាលប្រមូលផលហើយ នៅខែសីហានេះ ដែលអាចនឹងប្រមូលផលបានប្រមាណជាង៥ម៉ឺនតោន។

លោកបន្តថា នៅពេលនេះបញ្ហារបស់សហគមន៍មៀនប៉ៃលិន គឺគ្មានទីផ្សារសម្រាប់នាំចេញបាន ដោយកន្លងទៅពឹងផ្អែកលើការនាំចេញទៅថៃ ហើយថៃនាំចេញបន្តទៅចិន។ ប៉ុន្តែពេលនេះ មិនអាចនាំចេញទៅប្រទេសថៃបានឡើយ។ លោកបញ្ជាក់ថា កន្លងទៅសហគមន៍កសិកម្មមៀនប៉ៃលិន ធ្លាប់បានស្នើទៅរដ្ឋមន្ត្រីក្រសួងកសិកម្ម ឲ្យជួយដល់កសិករផងដែរ តែមិនទាន់មានដំណោះស្រាយឡើយ ហើយរដ្ឋមន្ត្រីកសិកម្ម ក៏ធ្លាប់បានអញ្ជើញទៅដល់សហគមន៍ដោយផ្ទាល់ផងដែរ។

ក្រោយទទួលបានព័ត៌មានពីចំណាត់ការនេះភ្លាម, ប្រធានសមាគមន៍អ្នកដាំមៀនប៉ៃលិន ព្រមទាំងប្រជាកសិករដាំមៀនប៉ៃលិន បានសម្ដែងក្ដីរំភើបក្រៃលែង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ចំពោះចំណាត់ការក្នុងការប្រមូលទិញផ្លែមៀនពីប្រជាពលរដ្ឋ ដែលជួបបញ្ហាក្នុងការនាំចេញ។

ចំពោះចំណាត់ការជួយដល់ប្រជាពលរដ្ឋនេះ ធ្វើឲ្យកសិករដាំមៀនប៉ៃលិន រំភើបរីករាយ ព្រោះលែងបារម្ភផ្លែមៀនដែលដល់ពេលប្រមូលផល ត្រូវជ្រុះចោល ខណៈពេលពួកគាត់កំពុងជួបប្រទះបញ្ហា៕