(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកស្រី បានបរិច្ចាគថវិកាផ្ទាល់ខ្លួនសរុប៨៥លានរៀល ជូនដល់មន្រ្តីនគរបាលខេត្តដែលកើតជំងឺកូវីដចំនួន២០នាក់ ក្នុងនោះ បានជាសះស្បើយចំនួន៥នាក់ និងកំពុងសម្រាកព្យាបាលចំនួន១៥នាក់។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានថ្លែងថា នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ស្នងការដ្ឋានបានទទួលថវិកាឧបត្ថម្ភលើកទី៣ សរុបចំនួន ២០លានរៀលពីលោកអភិបាលខេត្ត និងលោកស្រី សម្រាប់ចែកជូនបន្តដល់មន្រ្តីនរគរបាល នៃស្នងការដ្នាននគរបាលខេត្តព្រះសីហនុ ដែលមានវិជ្ជមានកូវីដ-១៩ សរុបចំនួន ២០នាក់ (ស្រី ០២នាក់)។ លោកថា សម្រាប់មន្រ្តីនគរបាលទាំង ២០នាក់នេះ បានជាសះស្បើយចំនួន ០៥នាក់ (ស្រី ០២នាក់) និង១៥នាក់កំពុងសំរាកព្យាបាលនៅមណ្ឌលព្យាបាលសាកាណា។

លោកឧត្តមសេនីយ៍ស្នងការ តំណាងឲ្យមន្រ្តីនគរបាលទាំង២០នាក់ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកអភិបាល និងលោកស្រី ដែលបានគិតគូរចំពោះសុខទុក្ខដល់កងកម្លាំងនគរបាល នៅពេលមានទុក្ខធុរៈ ហើយការចូលរួមឧបត្ថម្ភនេះ គឺពិតជារួមចំណែកដល់ជីវភាពរបស់ពួកគេបានមួយកម្រិតទៀត ខណៈមានជំងឺកូវីដ១៩៕